ឯកឧត្ដមនេត្រ ភក្ត្រា នាំទូតសិង្ហបុរី និងមន្ត្រីរាជការជានារីជាង២០០នាក់ មកភ្លក់រសជាតិក្រឡានថ្មគ្រែ ក្រូចថ្លុងកោះទ្រង់ និងស្វែងយល់ពីសក្តានុពលសំខាន់របស់ខេត្តក្រចេះ
ក្រចេះ៖ក្រឡានថ្មគ្រែ និងក្រូចថ្លុង គឺមានភាពល្បាញល្បីមានរស់ជាតិឆ្ងាញ់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យស្គាល់ពីអត្តសញ្ញាណខេត្តក្រចេះ មិនតែប៉ុណ្ណោះក៏បានចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ឱ្យមានជីវភាពធូរធា សមរម្យដោយសារមុខរបរ កាផលិតក្រឡាន ណែម និងការដាំក្រូចថ្លុងនោះផងដែរ។
នៅពេលដែលភ្ញៀវទេសចរជាតិ អន្តរជាតិ បានចូលមកលេងកម្សាន្តនៅទីរួមខេត្តក្រចេះ ក្រឡេកទៅតាមទីតាំងភោជនីយដ្ឋាន សណ្ឋាគារ និងតំបន់អេកូទេសចរណ៍នីមួយៗនៅក្នុងខេត្តក្រចេះ គឺមានការដាក់តាំង លក់ក្រឡានថ្មគ្រែ ណែមស្លឹកចេក និងក្រូចថ្លុងជាដើម ដែលក្រូចថ្លុង គឺជាភាពល្បីល្បាយរបស់សហគមន៍អេកូទេសចរណ៍កោះទ្រង់ រីឯក្រឡានថ្មគ្រែ និងណែមស្លឹកចេកគឺជាស្នាដៃប្រជាសហគមន៍ថ្មគ្រែរ។
ដោយភាពល្បីល្បាយនេះ ឯកឧត្ដមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិ ០៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ រួមជាមួយលោកលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន, លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានដឹកនាំមន្ត្រីរាជការជានារីនៃក្រសួងព័ត៌មានជាង ២០០នាក់ មកភ្លក់រសជាតិក្រឡានថ្មគ្រែរ និងផ្លែក្រូចថ្លុងទុំដោយផ្ទាល់ ព្រមទាំងដើម្បីស្វែងយល់ពីការការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅកោះទ្រង់ នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ម្សិលមិញ។
នាឱកាសនោះដែរ ឯកឧត្ដម នេត្រ ភក្ត្រា ក៏បានថ្លែងកោតសរសើរសហគមន៍ទេសចរណ៍កោះទ្រង់ ដែលបានរៀបចំបដិសណ្ឋារកិច្ច របៀបរបបសម្រាប់ដំណើរអ្នកទេសចរនៅលើកោះបានល្អ និងសូមអំពាវនាវដល់បងប្អូននៅក្នុងខេត្តក្រចេះ ឬមកពីខេត្តផ្សេងៗទៀត អញ្ជើញមកទស្សនាកម្សាន្តនៅកោះទ្រង់។ នៅលើកោះទ្រង់ មានមធ្យោបាយផ្សេងៗ ដូចជាជិះកង់ ជិះរទេះគោ ជិះរទេះសេះ ដើម្បីទស្សនាជីវភាព និងដំណាំរបស់បងប្អូនប្រជាពលរដ្ឋរស់នៅលើកោះ។
ឯកឧត្ដម រដ្ឋមន្ត្រី បានឱ្យដឹងថា សម្រាប់ដំណាំដែលមានការចាប់អារម្មណ៍ខ្ពស់ គឺក្រូចថ្លុង ដែលជាប់ជាផលិតផលសម្គាល់ភូមិសាស្ត្រ GI ដែលមានឱជារសឆ្ងាញ់ពិសា, ផ្លែចេក និងដំណាំរួមផ្សំផ្សេងទៀតជាដើម។ ចំណែកប្រជាជនអ្នកកោះទ្រង់ក៏រួសរាយរាក់ទាក់។ សម្រាប់ការអញ្ជើញមកទស្សនានៅលើកោះទ្រង់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងអ្នកទេសចរ គឺដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍នៅក្នុងស្រុក ខណៈនៅលើកោះទ្រង់មានទេសភាពស្អាត ការដាំដំណាំ វត្តអារាម ព្រមទាំងមានដើមរកាដែលមានអាយុជាង ១,០០០ឆ្នាំ កំពុងឈរបង្អួតខ្លួនរង់ចាំអ្នកទស្សនាមកពីគ្រប់ទិសទីនៅលើកោះទ្រង់នេះផងដែរ។ បន្ថែមពីលើភាពសម្បូរបែបនេះកោះទ្រង់ក៏មានមានវាលខ្សាច់ស្រស់ស្អាត ដែលជាទីគយគន់របស់ទេសចរណ៍ទាំងឡាយជាដើម៕