រុស្ស៉ីបាញ់ទម្លាក់ដ្រូន៣៣៧គ្រឿង ក្នុងការវាយប្រហារទ្រង់ទ្រាយធំតាមផ្លូវអាកាស ពីអ៊ុយក្រែន
ក្រុងមូស្គូ៖នាវេលាទាបភ្លឺថ្ងៃអង្គារ ទី១១ ខែមីនា អ៊ុយក្រែន បានធ្វើសកម្មភាពវាយប្រហារទ្រង់ទ្រាយធំតាមផ្លូវអាកាស មកលើតំបន់មួយចំនួននៃប្រទេសរុស្ស៉ី ជាហេតុបណ្តាលឱ្យ មនុស្សយ៉ាចហោចម្នាក់ស្លាប់ ៣នាក់រងរបួស ហើយបង្កជាគ្រោះអគ្គិភ័យ និងធ្វើឱ្យសេវាកម្មរថភ្លើងក៏ដូចជាជើងហោះហើរ ទទួលរងការរំខាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អភិបាលតំបន់មូស្គូ បានឱ្យដឹងថា ការវាយប្រហាររបស់អ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីម៉ោង៤ទាបភ្លឺ បានសម្លាប់មនុស្សម្នាក់ និងបង្កឱ្យរបួស៣នាក់ផ្សេងទៀត ខណៈសេវាដឹកជញ្ជូនតាមរថភ្លើងនិងផ្លូវអាកាស នៅក្នុងតំបន់ ត្រូវបានផ្អាកជាបណ្តោះអាសន្ន។ ក្រសួងការពារជាតិរុស្ស៉ី បានអះអាងថា យន្តហោះដ្រូនអ៊ុយក្រែនចំនួន៣៣៧គ្រឿង ត្រូវបានបាញ់ទម្លាក់នៅលើតំបន់មួយចំនួន ក្នុងនោះរួមមានទាំង៩១គ្រឿង នៅតំបន់មូស្គូ និង១២៦គ្រឿង នៅតំបន់ Kursk ក្បែរព្រំប្រទល់អ៊ុយក្រែន។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន រុស្ស៉ីក៏បានប្រើប្រាស់មីស៉ីលរាប់សិបគ្រាប់ និងយន្តហោះដ្រូនរាប់រយគ្រឿង វាយប្រហារទៅលើ អ៊ុយក្រែនផងដែរ។ ការវាយប្រហារតាមផ្លូវអាកាស នាថ្ងៃអង្គារនេះ គឺចំថ្ងៃដែលក្រុមមន្រ្តីអាមេរិកនិងអ៊ុយក្រែន ត្រូវជួបគ្នា នៅអារ៉ាប៊ីសាអូឌីត ដើម្បីជជែកអំពីការស្វែងរកសន្តិភាព ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងព្យាយាមបិទបញ្ចប់សង្រ្គាម ដែលអូសបន្លាយជាង៣ឆ្នាំមកហើយនេះ ឱ្យបានឆាប់រហ័ស៕