ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភាគីរ៉ុស្សីថា៖ បទឈប់បាញ់អ៊ុយក្រែនដែលស្នើដោយអាមេរិក «មិនចំណេញអ្វីសម្រាប់រុស្ស៉ីទេ» តែវានឹងផ្តល់ឱកាសឲ្យអ៊ុយក្រែនរៀបចំកម្លាំងឡើងវិញ

25


ក្រុងម៉ូស្គូ៖ មន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំង លោក Yuri Ushakov បានលើកឡើងថា បទឈប់បាញ់រយៈពេល ៣០ ថ្ងៃនៅអ៊ុយក្រែន តាមសំណើរបស់សហរដ្ឋអាមេរិក នឹងមិនផ្តល់ផលប្រយោជន៍ដល់រុស្ស៊ីទេ ផ្ទុយទៅវិញនឹងផ្តល់ឱកាសឲ្យអ៊ុយក្រែនរៀបចំកម្លាំងឡើងវិញ។ នេះ បើ តាម ការ ចុះ ផ្សាយ របស់ កាសែត រដ្ឋ អ៊ីរ៉ង់ នៅ ថ្ងៃ ព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីកងកម្លាំងរុស្ស៊ីទទួលបានជោគជ័យ ក្នុងការវាយប្រហារក្នុងប្រទេសអ៊ុយក្រែន ហើយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្លាស់ប្តូរគោលនយោបាយ ដោយចាប់ផ្តើមចរចាទ្វេភាគីជាមួយរុស្ស៊ី និងផ្អាកជំនួយយោធាដល់អ៊ុយក្រែន។ ទោះបីជាអាមេរិកបន្តផ្តល់ជំនួយឡើងវិញ ក្រោយកិច្ចពិភាក្សានៅអារ៉ាប៊ីសាអូឌីតក៏ដោយ ក៏លោក Ushakov បានបញ្ជាក់ថា សំណើបទឈប់បាញ់ត្រូវតែកែប្រែដើម្បីផលប្រយោជន៍រុស្ស៊ី។
បេសកជន ពិសេស របស់ លោក ត្រាំ គឺ លោក Steve Witkoff កាលពីថ្ងៃ ព្រហស្បតិ៍ បាន ធ្វើ ដំណើរ ទៅ កាន់ ទីក្រុង ម៉ូស្គូ ដើម្បី ពិភាក្សា អំពី សំណើ បទ ឈប់ បាញ់ នៅ អ៊ុយក្រែ ខណៈប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បាន សម្ដែង ក្តី សង្ឃឹម ថា រុស្ស៊ី នឹង យល់ព្រម លើ បទ ឈប់ បាញ់ រយៈពេល ៣០ ថ្ងៃ ដែល អ៊ុយក្រែន បាន គាំទ្រ។
ទោះជាយ៉ាងណា លោក Yuri Ushakov ដែលជាអតីត ឯកអគ្គរដ្ឋទូត រុស្ស៊ី ប្រចាំ ទីក្រុង វ៉ាស៊ីនតោន និង ជា ទីប្រឹក្សា គោលនយោបាយ ការបរទេស របស់ លោក ពូទីន បានថ្លែង ទៅ កាន់ ទូរទស្សន៍ រដ្ឋ រុស្ស៊ីថា លោក បាន និយាយ ជាមួយ លោក Waltz កាលពី ថ្ងៃ ពុធ ដើម្បី បញ្ជាក់ ជំហរ របស់ រុស្ស៊ី ថា បទ ឈប់ បាញ់ មិន គួរ គ្រាន់តែ ជា ការ ផ្អាក ដើម្បី ឲ្យ យោធា អ៊ុយក្រែន រៀបចំ កម្លាំង ឡើង វិញ នោះ ទេ ហើយ សំណើ នេះ ត្រូវតែ កែប្រែ ដើម្បី គិតគូរ ពី ផលប្រយោជន៍ របស់ រុស្ស៊ី។ លោកបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះ «គ្មានផ្តល់ អ្វី សោះសម្រាប់រុស្ស៊ី» ក្រៅតែពី ឱកាស ឲ្យ អ៊ុយក្រែន «ប្រមូល ផ្តុំ កម្លាំង ឡើង វិញ»។
ទោះ ជា យ៉ាង ណា លោក Ushakov មិន បាន ច្រានចោល សំណើ របស់ សហរដ្ឋអាមេរិក ទាំងស្រុង នោះ ទេ ដោយ បញ្ជាក់ ថា ប្រធានាធិបតី ពូទីន ទំនង នឹង ថ្លែង ទៅ កាន់ ប្រព័ន្ធ ផ្សព្វផ្សាយ នៅ ពេល ក្រោយ ហើយ បញ្ជាក់ ពី ជំហរ របស់ រុស្ស៊ី ឲ្យ បាន លម្អិត បន្ថែម ទៀត។ លោក បាន សង្កត់ធ្ងន់ ថា គោលដៅ របស់ ទីក្រុង ម៉ូស្គូ គឺ «ដំណោះស្រាយ សន្តិភាព យូរអង្វែង ដែល គិតគូរ ពី ផលប្រយោជន៍ ស្របច្បាប់ របស់ ប្រទេស យើង និង កង្វល់ ដែល យើង បាន លើក ឡើង ជា ញឹកញាប់»៕

អត្ថបទដែលជាប់ទាក់ទង