លោក Duterte នឹងត្រូវបង្ហាញខ្លួនជាលើកដំបូងនៅ ICC នៅថ្ងៃសុក្រសប្ដាហ៍នេះ
Reuters៖អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នឹងត្រូវបង្ហាញខ្លួនជាលើកដំបូងនៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នៅថ្ងៃសុក្រ ទី១៤ ខែមីនា (ម៉ោងនៅទីក្រុងឡាអេ ប្រទេសហូឡង់) ខណៈរូបលោកនឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្នុងសេចក្ដីថ្លែងការណ៍មួយ តុលាការ ICC បានគូសបញ្ជាក់ដូច្នេះថា «អង្គជំនុំជម្រះសម្រេចថាវាសមស្របសម្រាប់ការបង្ហាញខ្លួនជាលើកដំបូងរបស់លោក Duterte នៅថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ នៅវេលា ម៉ោង ១៤៖០០នាទី (ម៉ោងនៅទីក្រុងឡាអេ)»។
លោក Rodrigo Duterte ត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កាលពីថ្ងៃពុធ ទី១២ ខែមីនា បន្ទាប់ពីត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងម៉ានីល ក្រោមបទចោទឧក្រិដកម្មប្រឆាំង មនុស្សជាតិ ពាក់ព័ន្ធនឹងសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក ដែលជនសង្ស័យជាអ្នកជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់រាប់ពាន់នាក់ ត្រូវបានសម្លាប់។
លោកត្រូវបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំងរបស់តុលាការអន្តរជាតិមួយនេះ ក្រោយត្រូវបានចាប់ខ្លួនដោយអាជ្ញាធរហ្វីលីពីន កាលពីថ្ងៃទី១១ ខែមីនា ហើយលោក Duterte មានអាយុ៧៩ឆ្នាំ ត្រូវបានបញ្ជូនទៅដល់ អាកាសយានដ្ឋាន Rotterdam តាមជើងហោះហើរពិសេសមួយនៅម៉ោងប្រហែលជិត ៥៖០០នាទីល្ងាច ថ្ងៃពុធ (ម៉ោងក្នុងតំបន់)។
គួរបញ្ជាក់ថា លោក Duterte ដែលបានដឹកនាំហ្វីលីពីន ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ នឹងត្រូវប្រឈមមុខនឹងបទចោទប្រកាន់នៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងសង្រ្គាមប្រឆាំងគ្រឿងញៀន របស់លោក ហើយលោកនឹងក្លាយជាអតីតមេដឹកនាំដំបូងម្នាក់ ក្នុងតំបន់អាស៊ីដែលនឹងត្រូវឡើងសវនាការនៃតុលាការ ICC។ តាមដីកាចាប់ខ្លួនរបស់ ICC លោក Duterte បានបង្កើត និងផ្ដល់មូលនិធិ ដល់មន្ត្រីប្រដាប់អាវុធមួយ ក្រុមដែលបានសម្លាប់ជនសង្ស័យជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់៕