រាជរដ្ឋាភិបាល់ឱ្យក្រុមហ៊ុន EnerCam Resourcesបន្តសកម្មភាពសិក្សាស្រាវជ្រាវរុករកប្រេងនិងឧស្ម័នក្នុងប្លុក៨«VIII»នៅតំបន់ដែនគោកនៃខេត្តចំនួន៥
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរ៉ែ និងថាមពល នៅឆ្នាំ២០២២ បានសម្រេចផ្តល់អាជ្ញាប័ណ្ណឱ្យដល់ក្រុមហ៊ុន EnerCam Resources Corp ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Angkor Resources របស់ប្រទេសកាណាដា ធ្វើការសិក្សាស្រាវជ្រាវរុករកប្រេង និងឧស្ម័ននៅប្លុក VIII (ប្លុក៨) ដែលជាប្លុកនៅលើដែនគោក ស្ថិតក្នុងខេត្តចំនួន៥របស់កម្ពុជា។
ប្លុក VIII គ្រប់ដណ្តប់លើខេត្តកំពង់ស្ពឺ កោះកុង ព្រះសីហនុ កំពត និងកែប ដែលមានផ្ទៃក្រឡាប្រហែល ៥ពាន់គីឡូម៉ែត្រការ៉េ។
តាមច្បាប់ប្រេងកាត អាជ្ញាប័ណ្ណរុករកប្រេង និងឧស្ម័ននេះមានរយៈពេល៣០ឆ្នាំ ក្នុងនោះ៧ឆ្នាំសម្រាប់រយៈពេលសិក្សាស្រាវជ្រាវ ដើម្បីកំណត់អាចមានប្រេង ឬឧស្ម័ន អាចធ្វើពាណិជ្ជកម្មដែរ ឬទេ? តែក្រុមហ៊ុនអាចស្នើសុំពន្យារការស្រាវជ្រាវបាន ៣ឆ្នាំ ប្រសិនបើមានការចាំបាច់ណាមួយកើតឡើង។
នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុន EnerCam Resources Corp បានចេញសេចក្តីប្រកាសព័ត៌មាន ខ្លួនត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចជាលាយលក្ខណ៍អក្ស ឱ្យបន្តសកម្មភាពរុករកប្រេងកាត និងឧស្ម័ននៅប្លុក VIII ហើយជាថ្មីម្តងទៀត តាមរយៈការទទួលបានសិទ្ធិនេះ ក្រុមហ៊ុនបានសន្យា នឹងជួយកម្ពុជាអាចទទួលបានឯករាជ្យភាពនៃប្រភពថាមពល លែងពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈ ក្នុងពេលអនាគត។
ជុំវិញការបន្តឱ្យក្រុមហ៊ុន EnerCam Resources សិក្សាស្វែងរកប្រេង និងឧស្ម័ននៅប្លុក VIII នេះត្រូវបានលោក ជៀប សួរ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះថា រាជរដ្ឋាភិបាលតាមរយៈក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានជូនដំណឹងដល់ក្រុមហ៊ុន EnerCam Resources ដែលមានមូលដ្ឋាននៅប្រទេសកាណាដា ដោយកំណត់ឱ្យក្រុមហ៊ុននេះ បំពេញកាតព្វបង់ថវិកាដែលមិនទាន់បំពេញ និងអនុវត្តន៍ផែនការស្វែងរុករកប្រេង និងឧស្ម័ន នៅតំបន់ដែលបានព្រមព្រៀងគ្នា ដែលបានកាលពីឆ្នាំ២០២២ បន្ទាប់ពីក្រុមហ៊ុនពន្យារពេលប្រមាណជាង ២ឆ្នាំ។
លោកបញ្ជាក់ថា «ដោយសារផលប៉ះពាល់នៃវិបត្តិកូវីដ១៩ បញ្ហាសេដ្ឋកិច្ចសកល បញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងមជ្ឈឹមបូព៌ាផងដែរ បានធ្វើឱ្យសកម្មភាពរបស់ក្រុមហ៊ុន EnerCam Resources មានផលប៉ះពាល់ ដែលបានអូសបន្លាយពេលវេលា។ រហូតមកដល់ពេលនេះ ក្រសួងរ៉ែ និងថាមពល បានឯកភាពលើផែនការស្វែងរុករករបស់ក្រុមហ៊ុននេះ សម្រាប់ឆ្នាំ២០២៥ ដើម្បីឱ្យក្រុមហ៊ុនបំពេញកាតព្វកិច្ចហិរញ្ញវត្ថុកន្លងមកផង និងបន្តធ្វើសកម្មភាពសិក្សាស្វែងរុករកប្រេង និងឧស្ម័នផងដែរ ក្រុមហ៊ុនអាចមានរយៈពេលស្វែងរុករករយៈពេល៧ឆ្នាំ ហើយអាចពន្យារពេលបាន៣ឆ្នាំ ហើយបើសិនរកឃើញថាមានប្រេង ឬឧស្ម័នថាអាចមានលក្ខណៈជាពាណិជ្ជកម្ម ក្រុមហ៊ុនអាចឈានការធ្វើអាជីវកម្មនៅពេលខាងមុខ»។
គួរជម្រាបថា តំបន់សម្រាប់ការរុករកប្រេងនៅកម្ពុជា ត្រូវបានបែងចែកជាង២៥ប្លុក ក្នុងនោះ ៦ ប្លុកនៅក្នុងសមុទ្រ និង១៩ ប្លុកនៅលើដែនគោក ៕