ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ត្រាំ បានស្នើរលោក ពូទីន ទុកជីវិតឱ្យទាហានអ៊ុយក្រែនក្នុងតំបន់ Kursk ,ពូទីនតបថាអាចទុកជីវិតឱ្យបើទាហានអ៊ុយក្រែនព្រមចុះចាញ់ខណៈនេះរុស្ស៉ីកំពុងឡោមព័ទ្ធទាហានអ៊ុយក្រែនរាប់ពាន់នាក់

12

ក្រុងវ៉ាស៊ីនតោន៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី១៤ ខែមីនា បានជំរុញឱ្យប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ទុកជីវិតឱ្យទាហានអ៊ុយក្រែនដែល រុស្ស៉ីកំពុងព្យាយាមវាយបណ្ដេញចេញពីតំបន់ Kursk ជាការអំពាវនាវមួយត្រូវបានលោក ពូទីន ថានឹងទទួលយក ប្រសិនបើពួកគេទម្លាក់អាវុធចុះចាញ់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ត្រាំ ធ្វើការអំពាវនាវខាងលើ ក្នុងការបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនងសង្គម បន្ទាប់ពីបេសកជនពិសេសរបស់លោក គឺលោក Steve Witkoff បានចូលរួមក្នុងកិច្ចពិភាក្សា ដ៏វែងអន្លាយមួយជាមួយលោក ពូទីន កាលពីយប់ថ្ងៃព្រហស្បតិ៍ ក្នុងទីក្រុងមូស្គូ ដែលលោក ត្រាំ ផ្ទាល់ចាត់ទុកថាប្រព្រឹត្តទៅប្រកបដោយផលិតភាព និងដ៏ល្អប្រសើរ។ ដោយចង់សំដៅ លើសំណើបទឈប់បាញ់របស់សហរដ្ឋអាមេរិកដែលអ៊ុយក្រែនបានទទួលយកក្នុងស ប្ដាហ៍នេះ និងកំពុងស្ថិតនៅក្រោមការពិចារណារបស់រុស្ស៉ី លោក ត្រាំ បានគូសបញ្ជាក់ថា «វាមាន ឱកាសដ៏ល្អប្រសើរមួយដែលសង្រ្គាមដ៏គួរឱ្យរន្ធត់ និងដ៏បង្ហូរឈាមនេះ ចុងក្រោយអាចនឹងឈានដល់ទីបញ្ចប់»។ លោកបន្ថែមថាយោធារុស្ស៉ីកំពុងឡោមព័ទ្ធទាហានអ៊ុយក្រែនរាប់ពាន់ នាក់ទាំងស្រុងនៅក្នុងតំបន់ Kursk ដោយពួកគេកំពុងស្ថិតនៅទីតាំងដ៏ងាយរងគ្រោះបំផុត។ «ដូច្នេះខ្ញុំបានសំណើឱ្យលោកប្រធានាធិបតី ពូទីន ទុកជីវិតឱ្យពួកគេ ពីព្រោះថាវាអាចនឹង ក្លាយជាការសម្លាប់រង្គាលដ៏គួរឱ្យរន្ធត់មិនធ្លាប់មានចាប់តាំងពីសង្រ្គាមលោកលើកទី២មក…»។ នេះការលើកឡើងរបស់លោក ត្រាំ។
ក្រុមអ្នកវិភាគយោធា បាននិយាយថាទាហានអ៊ុយក្រែននៅក្នុងតំបន់ Kursk ស្ទើរតែត្រូវបានកាត់ផ្ដាច់ទាំងស្រុង បន្ទាប់ពីបរាជ័យជាបន្តបន្ទាប់នៅចំពោះមុខប្រតិបត្តិការវាយបកយ៉ាង លឿនរហ័សរបស់ទាហានរុស្ស៉ី។ លោក ពូទីនវិញ បានចោទប្រកាន់ទាហានអ៊ុយក្រែនថាបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងជនស៊ីវិលក្នុងតំបន់ Kursk ជាការចោទប្រកាន់មួយដែលត្រូវបាន ទីក្រុងកៀវច្រានចោល។ ក៏ប៉ុន្តែ លោកប្រធានាធិបតីរុស្ស៉ី បាននិយាយថាលោកយល់ពីការអំពាវនាវរបស់លោក ត្រាំ ពាក់ព័ន្ធនឹងទង្វើមនុស្សធម៌។ តាមលោក ពូទីន ប្រសិនបើទាហាន អ៊ុយក្រែនយល់ព្រមទម្លាក់អាវុធចុះចាញ់ នោះពួកគេនឹងត្រូវបានធានាអាយុជីវិត និងទទួលបានការមើលថែអនុលោមតាមច្បាប់អន្តរជាតិ រួមទាំងច្បាប់របស់សហព័ន្ធរុស្ស៉ី។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ សម្ព័ន្ធមិត្តរបស់លោក ពូទីន គឺលោក Dmitry Medvedev ក៏បានព្រមានដែរថាប្រសិនបើទាហានអ៊ុយក្រែន មិនព្រមទម្លាក់អាវុធចុះចាញ់ទេ នោះពួកគេ នឹងត្រូវបានកម្ទេច។ តែទោះជាបែបនេះក្ដី យោធាអ៊ុយក្រែនបាននិយាយថាមិនមានការគំរាមកំហែងពីការឡោមព័ទ្ធនោះទេ ហើយថាកងទ័ពរបស់ខ្លួនកំពុងដកថយជាយុទ្ធសាស្ត្រ ទៅរកទីតាំងដ៏ល្អ៕

អត្ថបទដែលជាប់ទាក់ទង