ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រីកាណាដាថ្មីស្បថចូលកាន់តំណែង

12

Reuters៖អតីត ទេសាភិបាល ធនាគារកណ្តាល លោក Mark Carney កាលពីថ្ងៃសុក្រ ទី១៤ ខែមីនា បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាណាដា ហើយភ្លាមៗលោកបាននិយាយថាលោកអាចធ្វើការ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានគំរាមដំឡើងពន្ធដែលនឹងបំផ្លាញដល់សេដ្ឋកិច្ចកាណាដា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Mark Carney បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ជំនួសលោក Justin Trudeau ដែលបានលាលែងចេញពីតំណែង និងមានទំនាក់ទំនងមិនសូវល្អជាមួយលោក ត្រាំ។ លោក Carney មានអាយុ៥៩ឆ្នាំ បានអះអាងថាយុទ្ធសាស្ត្ររបស់លោកនឹងមានភាពខុសប្លែកពីលោក Trudeau។ «យើងគោរពលោកប្រធានាធិបតី ត្រាំ។ ប្រធានាធិបតី ត្រាំ បានតម្កល់បញ្ហាដ៏សំខាន់មួយចំនួននៅក្នុងរបៀបវារៈជាអាទិភាពរបស់ លោក។ យើងយល់ពីរបៀបវារៈរបស់លោក»។ នេះជាការបញ្ជាក់របស់លោក Carney ប្រាប់ក្រុមអ្នកសារព៌ត៌មាន បន្ទាប់ពីស្បថចូលកាន់តំណែងជាមួយការបន្ថែមថាលោកធ្លាប់ធ្វើការជាមួយលោក ត្រាំ នៅឯកិច្ចប្រជុំអន្តរជាតិជាច្រើន។
គួរបញ្ជាក់ថា បើតាមលោក Carney លោកផ្ទាល់មិនមានគម្រោងជួបលោក ត្រាំ ភ្លាមៗនោះទេ ហើយថាលោកនឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងឡុងដ៍ និងទីក្រុងប៉ារីសនៅសប្ដាហ៍ក្រោយ។ លោក Mark Carney បានទទួលជ័យម្នះក្នុងការប្រកួតប្រជែងនៃផ្ទៃក្នុងរបស់គណបក្ស សេរីនិយម កាលពីថ្ងៃទី៩ ខែមីនា ដើម្បីក្លាយជាមេដឹកនាំថ្មី នៃគណបក្សកាន់អំណាចរបស់ប្រទេសកាណាដា ហើយនឹងត្រូវជំនួសលោក Justin Trudeau ជានាយករដ្ឋមន្រ្តី។ លោក Trudeau បានប្រកាសកាលពីខែមករាថា រូបលោកនឹងចុះចេញពីតំណែង ក្រោយកាន់អំណាចជាង៩ឆ្នាំ នៅពេលគណបក្សជ្រើសរើសបានមេដឹកនាំថ្មី៕

អត្ថបទដែលជាប់ទាក់ទង