នៅផ្លូវថ្មើរជើង (Walk Street)សំរាប់សប្តាហ៍ទី២ ក្នុងខែមិនានេះបានរៀបចំបន្ថែមថ្មីឱ្យមានល្ខោនខោលនៅរាត្រីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យមានរបាំប្រពៃណី របាំវាយក្រាប ដើម្បីទស្សនាកំសាន្ត
ភ្នំពេញ៖សំរាប់សប្តាហ៍ទី២ ក្នុងខែមិនាឆ្នាំ២០២៥ នាថ្ងៃសៅរ៌ទី១៥និងថ្ងៃអាទិត្យទី១៦មិនា នៅផ្លូវថ្មើរជើង (Walk Street) រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំបន្ថែមថ្មីឱ្យមានល្ខោនខោលដកស្រង់ឈុតមួយក្នុងរឿង ចម្បាំងកុម្ភការនៅក្នុងរាត្រីថ្ងៃសៅរ៍ ហើយសំរាប់ថ្ងៃអាទិត្យវិញនឹងមានរបាំប្រពៃណី របាំវាយក្រាប ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរបរទេស បានទស្សនាយល់ដឹងកាន់តែច្បាស់ពី របាំប្រពៃណីរបស់ដូនតាខ្មែរយើង។
នេះជាការឱ្យដឹងរបស់លោកស្រីដោ សម្ផស្ស នាយិការងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៥មិនា២០២៥នេះ។
លោកស្រីអ្នកនាំពាក្យបានបន្តថា៖ នាសប្តាហ៍មុននេះ ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញត្រូវបាន រដ្ឋបាលរាជធានីភ្នំពេញរៀបចំ ឱ្យមានរបាំភួងនារី ( របាំបុរាណ) និង កំប្លែង (នាយក្រឹម) ហើយក្រៅពីហ្នឹងនៅមានជារបាំនេសាទ (របាំប្រពៃណី), ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាបុីសហគមន៏, បណ្ណាល័យចល័ត។ល។ទៅតាមការចង្អុលបង្ហាញរបស់ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ហើយបើគិតត្រឹមថ្ងៃទី១៥មិនានេះ ផ្លូវថ្មើរជើង (Walk Street) បានដាក់ឱ្យដំណើរការបានរយៈពេល១ខែនិងកន្លះហើយ។ ចំពោះសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់គឺទទួលបានល្អឥតខ្ចោះ ប្រជាពលរដ្ឋ មិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើមុខរបរអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត ។
គួរបញ្ជាក់ថា៖ ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៌គឺថ្ងៃសៅនិងថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕