លោក ដូណាល់ ត្រាំ ៖បញ្ជាឱ្យបើកការវាយប្រហារយោធាទ្រង់ទ្រាយធំ ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន ផ្តាច់ជីវិតមនុស្សយ៉ាងហោច២៤នាក់
វ៉ាស៉ីនតោន៖កាលពីថ្ងៃសៅរ៍ ទី១៥ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យកងយោធាបើកការវាយប្រហារយោធាក្នុងទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមហ៊ូទីដែលគាំទ្រដោយអ៉ីរ៉ង់ ជុំវិញការវាយប្រហាររបស់ក្រុមនេះ ប្រឆាំងនឹងកប៉ាល់នានានៅតំបន់សមុទ្រក្រហម នាពេលកន្លងមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
មនុស្សយ៉ាងហោច២៤នាក់បានស្លាប់ ក្នុងការចាប់ផ្តើមនៃយុទ្ធនាការយោធាខាងលើ ដែលត្រូវគេរំពឹងថា នឹងមានរយៈពេលច្រើនថ្ងៃ។ លោក ត្រាំ បានព្រមានក្រុមហ៊ូទីថា ការវាយប្រហាររបស់ពួកគេ ត្រូវតែបញ្ឈប់ដោយចាប់ផ្តើមពីពេលនេះទៅ ហើយបើពុំដូច្នោះទេ ពួកគេនឹងត្រូវទទួលរងការបន្តវាយប្រហារខ្លាំងធ្ងន់ធ្ងរ មិនធ្លាប់មានពីមុនមកឡើយ។ លោក ត្រាំ ក៏បានព្រមានអ៉ីរ៉ង់ ដែលជាខ្នងបង្អែកធំរបស់ហ៊ូទីផងដែរថា ចាំបាច់ត្រូវបញ្ឈប់ការគាំទ្រជាបន្ទាន់ សម្រាប់ក្រុមនេះ។
យោងតាមអាជ្ញាធរនិងប្រព័ន្ធផ្សព្វផ្សាយនៅយេម៉ែន ជនស៉ីវិលយ៉ាងហោច១៣នាក់ បានស្លាប់ និង៩នាក់បានរងរបួស ក្នុងការវាយប្រហាររបស់អាមេរិក លើរដ្ឋធានីសាណា ខណៈ១១នាក់ទៀត ក្នុងនោះរួមមានកុមារ៤នាក់ និងស្រ្តីម្នាក់ បានបាត់បង់ជីវិត ហើយ១៤នាក់រងរបួស ក្នុងការវាយប្រហាររបស់អាមេរិក លើខេត្ត Saada ភាគខាងជើង។ ហ៊ូទីដែលជា ចលនាប្រដាប់អាវុធ ដែលបានគ្រប់គ្រងទឹកដីភាគច្រើននៃប្រទេសយេម៉ែន ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ បានធ្វើសកម្មភាពវាយប្រហារជាច្រើនលើក ទៅលើកប៉ាល់នានា នៅក្បែរឆ្នេររបស់ខ្លួន ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣មក។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក ហ៊ូទីបានវាយប្រហារលើនាវាចម្បាំងអាមេរិក១៧៤លើក និងកប៉ាល់ពាណិជ្ជកម្ម ១៤៥លើក ចាប់តាំងពីឆ្នាំ២០២៣។
គួរបញ្ជាក់ថា ការវាយប្រហារយោធាកាលពីថ្ងៃសៅរ៍ ដែលមន្រ្តីអាមេរិកមួយរូបបង្ហើបឱ្យដឹងថា អាចនឹងបន្តរាប់សប្តាហ៍ គឺជា ប្រតិបត្តិការយោធាធំបំផុតរបស់អាមេរិក នៅតំបន់មជ្ឈិមបូព៌ា គិតចាប់តាំងពីលោក ត្រាំ បានត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីខែមករា ខណៈវាកើតឡើង ស្របពេលដែលសហរដ្ឋអាមេរិក បង្កើនសម្ពាធទណ្ឌកម្មលើទីក្រុងតេហេរ៉ង់ ហើយព្យាយាម ជំរុញឱ្យចូលតុចរចា ជុំវិញបញ្ហានុយក្លេអ៊ែរអ៉ីរ៉ង់៕