ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជាលើកដំបូងក្រុមហ៊ុនរដ្ឋរបស់ចិន ចុះកិច្ចព្រមព្រៀង ទិញ ដំឡូងមីស្ងួតពីកម្ពុជា និងសម្រេចការនាំចូលពីកម្ពុជាទៅចិន

13


ភ្នំពេញ៖ក្រុមហ៊ុន COFCO BIO-TECHNOLOGY CO.,LTD ដែលជាក្រុមហ៊ុនរដ្ឋរបស់ចិន បានចុះកិច្ចព្រមព្រៀង ទិញ-លក់ដំឡូងមីស្ងួតកម្ពុជា និងបានសម្រេចនាំចេញដំឡូងមីស្ងួតពីកម្ពុជាជាលើកដំបូង ទៅកាន់ទីផ្សារចិន។
ពិធីទទួលដំឡូងមីស្ងួតពីកម្ពុជា ជាលើកដំបូងរបស់ក្រុមហ៊ុន COFCO BIO-TECHNOLOGY និងពិធីចុះកិច្ចព្រមព្រៀងស្តីពី ការទិញ-លក់ដំឡូងមីស្ងួតកម្ពុជា រវាងក្រុមហ៊ុន HANG HARVEST AGRICULTURE CO.,Ltd និងក្រុមហ៊ុន COFCO BIO-TECHNOLOGY CO.,Ltd ត្រូវបានរៀបចំឡើងនាថ្ងៃទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងប៉ីហៃ ខេត្តក្វាងស៊ី។
ពិធីទទួលដំឡូងមីស្ងួតពីកម្ពុជាលើកទី១ ចំនួន ៥,០០០ តោន និងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នាចំនួន ២០០,០០០ តោន សម្រាប់ឆ្នាំ២០២៥-២០២៦។
ការចុះកិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាងកម្ពុជា និងចិន ក៏ដូចជាជួយជំរុញការនាំចេញវិស័យដំឡូងមីរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនផងដែរ។
ឯកឧត្ដមឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានសម្តែងការសាទរចំពោះក្រុមហ៊ុនចិនមួយនេះ ដែលបានសម្រេចនាំចេញដំឡូងមីស្ងួតពីកម្ពុជាទៅកាន់ប្រទេសចិន។ ជាទូទៅក្រសួងលើកទឹកចិត្តឱ្យមានការកែច្នៃមុននឹងធ្វើការនាំចេញ ក៏ដូចជាការច្នៃក្នុងកម្រិតបឋម ជាជាងការនាំចេញឆៅ ឬស្រស់ ដែលមិនបានផ្តល់តម្លៃបន្ថែមទៅដល់សេដ្ឋកិច្ចកម្ពុជា។
ឯកឧត្ដមបានគូសបញ្ជាក់ថា នេះជាមិនមែនជាក្រុមហ៊ុនទីមួយទេ ដែលនាំចេញដំឡូងមីស្ងួតពីកម្ពុជា ទៅកាន់ប្រទេសចិន ដោយផលិតផលកម្ពុជាប្រភេទនេះ ត្រូវបាននាំចេញជាប្រចាំទៅកាន់ប្រទេសចិនផងដែរ ព្រោះកម្ពុជាមានកិច្ចព្រមព្រៀង លក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់នាំចេញ (SPS) ជាមួយចិនជាច្រើនឆ្នាំមកហើយ។
អ្នកនាំពាក្យរូបនេះ បន្តថាចំពោះការនាំចេញផលិតផលដំឡូងមីទៅចិន ភាគច្រើន គឺប្រភេទដំឡូងមីស្ងួត (ចំណិតដំឡូងមីក្រៀម) ម្ស៉ៅ និងសំណល់ដំឡូងមី។ ចំណែកដំឡូងមីស្រស់ នាំចេញទៅប្រទេសជិតខាង។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម កាលពីឆ្នាំ២០២៤ កម្ពុជានាំចេញចំណិតដំឡូងមីក្រៀម ចំនួន ៩៦៤ ៦៨១ តោន, ដំឡូងមីស្រស់ចំនួន ៣ ៤៤៣ ៧៦០តោនម្សៅដំឡូងមីចំនួន ៦០ ៥២៤ និងកាកសំណល់ដំឡូងមីចំនួន ៣៣ ១៥៣ តោន៕

អត្ថបទដែលជាប់ទាក់ទង