ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឃួង ស្រេង និងនិងឯកឧត្តម ម៉ប់ សារិន សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

10

ភ្នំពេញ៖ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា ព្រមទាំងមន្ដ្រីរាជការទាំងអស់ សូមសម្តែងនូវការអបអរសាទរប្រកបដោយសេចក្តីសោមនស្សរីករាយ និងកក់ក្តៅបំផុតជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាឱកាសដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ» នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។
យើងខ្ញុំទាំងអស់គ្នា សូមគោរពកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគុណបំណាច់ និងស្នាដៃដ៏ធំធេងរបស់ សម្តេចពិជ័យសេនា ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពុះពារគ្រប់ឧបសគ្គប្រកបដោយឆន្ទៈមនសិការ ស្នេហាជាតិ និងគំរូវីរភាពខ្លាំងក្លា ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ប្រជាជនពីរបបប្រល័យពូជសាសន៍ និងជាប្រតិបត្តិករមួយរូប មានសមត្ថភាពក្នុងការអនុវត្តគោលនយោបាយ ឈ្នះ ឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី សន្តិភាព សុវត្ថិភាព របស់ប្រជាជន ហើយបាននិងកំពុងបំពេញបេសកកម្មយ៉ាងសកម្ម កសាងសមិទ្ធផលសង្គមជាច្រើន រួមចំណែកធ្វើឱ្យ ប្រទេសជាតិមានសុខសន្តិភាព វឌ្ឍនភាព ប្រជាធិបតេយ្យពេញលេញ ក្នុងដំណើរឆ្ពោះទៅកាន់នីតិរដ្ឋដ៏រឹងមាំ និង អភិបាលកិច្ចល្អ។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមមានជន្មាយុយឺនយូរ សុខុមាលភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងសូមបានសមប្រកប ដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាបំផុតទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង