ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការវាយបណ្តេញទាហានអ៊ុយក្រែន ចេញពីទឹកដី Kursk កាន់តែខ្លាំងក្លា ,ខណៈរុស្ស៉ីយកបានទឹកដីភាគច្រេីនត្រលប់មកវិញ

19

ក្រុងមូស្គូ៖រុស្ស៉ី បាននិងកំពុងសម្រុកវាយបណ្តេញទាហានអ៊ុយក្រែនឱ្យចេញពីទឹកដីភាគខាងលិចរបស់ខ្លួន បន្ទាប់ពីការលុកលុយរយៈពេល ៧ខែដោយអ៊ុយក្រែន ដែលមានគោលបំណងបំបែកកម្លាំងរបស់ទីក្រុងមូស្គូ និងដេីម្បីឱ្យមានប្រៀបខ្លះក្នុងការចរចា។ នេះបេីយោងតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ ២០២៥។
កាលពីខែសីហា ឆ្នាំមុន កងកម្លាំងអ៊ុយក្រែនបានវាយទម្លុះចូលព្រំដែននៅតំបន់ Kursk របស់រុស្ស៉ី ហេីយកាន់កាប់បានទឹកដីប្រហែល ១ ៣៦៩គីឡូម៉ែត្រក្រឡា។ ប៉ុន្តែការវាយលុកលឿនដូចផ្លេកបន្ទោររបស់កងកម្លាំងទីក្រុងមូស្គូ ក្នុងខែនេះ បានដណ្តេីមយកមកវិញនូវតំបន់មួយចំនួនដែលស្ថិតក្រោមការកាន់កាប់របស់អ៊ុយក្រែន ។ ឥឡូវនេះអ៊ុយក្រែននៅសល់កន្លែងកាន់កាប់ប្រហែល ១១០គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ ។
លោក Yuri Podolyaka ដែលជាអ្នកសរសេរប្លុកយោធាគាំទ្ររុស្ស៉ី ដ៏ល្បីមួយ បានឱ្យដឹងថា រុស្ស៉ីបានរុញច្រានកងកម្លាំងអ៊ុយក្រែនឱ្យត្រឡប់ទៅព្រំដែននៅតំបន់ខ្លះ ទោះបីជាការប្រយុទ្ធគ្នាខ្លាំងក្លាកំពុងដំណើរការ ហើយកងកម្លាំងអ៊ុយក្រែនកំពុងវាយបកវិញ នៅពេលពួកគេដកថយក៏ដោយ។ តាមផែនទីសមរភូមិអ៊ុយក្រែន-រុស្ស៉ី មានកងកម្លាំងអ៊ុយក្រែន ២ក្រុមនៅព្រំដែនប៉ែកខាងក្នុងតំបន់ Kursk ខណៈដែលរុស្ស៉ីអះអាងថា ខ្លួន កំពុង បោសសម្អាត មីន ជាច្រើន នៅ ក្នុង តំបន់។
គួរបញ្ជាក់ថា លោក ពូទីន បានចោទប្រកាន់កងទ័ពអ៊ុយក្រែនពីការប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងជនស៉ីវិល នៅតំបន់ Kursk ជាអ្វីដែលទីក្រុងកៀវបានបដិសេធ។ អ៊ុយក្រែននិយាយថា ទាហានកូរ៉េខាងជើង ១១ ០០០នាក់កំពុងចូលរួមប្រយុទ្ធជាមួយទាហានរុស្ស៉ី នៅទីនោះ ទោះបីជារុស្ស៉ីនិងកូរ៉េខាងជើងបដិសេធផ្តល់ព័ត៌មានលម្អិតក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង