ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលណាល្មើសវិន័យនឹងបញ្ជូនទៅធ្វើការនៅព្រំដែនពី ៣ ទៅ ៦ខែ

16

ភ្នំពេញ៖ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃ បានណែនាំទៅកាន់ថ្នាក់ដឹកនាំអង្គភាពជំនាញ សិក្សា ដើម្បីឈានទៅអនុវត្តដោយបញ្ជូនមន្រ្តីនគរបាលល្មើសវិន័យឱ្យទៅធ្វើការរយៈពេល ៣ ទៅ ៦ខែ នៅបណ្ដាអង្គភាពនគរបាល តាមខ្សែបន្ទាប់ព្រំដែន។
ការណែនាំដ៏ម៉ឺងម៉ាត់នេះ បានធ្វើឡើងនាឱកាសអញ្ជើញជាសហអធិបតីជាមួយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា ក្នុងពិធីបិទវគ្គបំប៉នជំនាញអន្តរាគមន៍រំដោះចំណាប់ខ្មាំង វគ្គបំប៉នជំនាញបង្ការ និងបង្ក្រាបសកម្មភាពចលាចល និងវគ្គបំប៉នជំនាញបច្ចេកទេសស្រាវជ្រាវសួរចម្លើយ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នេះ។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖អង្គភាពជំនាញ នឹងសម្រេចបញ្ជូនជំនួសឱ្យការបន្ថយស័ក្ដិ… ករណីខ្លះបន្ថយទាំងស័ក្តិ និងថែមទាំងបញ្ជូនទៅព្រំដែន។ ឯកឧត្ដមបានមានប្រសាសន៍ក្នុងន័យដើមថា «បានធ្វើការស្រួលនៅតាមអង្គភាព មិនខិតខំធ្វើឱ្យល្អទេ បែរជាទៅបង្ករឿងល្មើសវិន័យ! ដូច្នេះមានតែឱ្យទៅព្រំដែន ដើម្បីដឹងថាកងកម្លាំង នៅទីនោះ គាត់លំបាកកម្រិតណា មកវិញកែប្រែខ្លួន ហើយខិតខំធ្វើការឱ្យបានល្អ…?»។
ពីវេទិកាអធិបតីនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់ដំបូន្មាននឹងណែនាំដល់សិក្ខាកាម និងសិស្សនគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម គប្បីយកចំណេះដឹងជំនាញដែលខ្លួនមានទៅអនុវត្ត ឱ្យបានល្អ និងយកនូវអ្វី ដែលទទួលបានពីការអប់រំទូទៅផ្សំគ្នាជាមួយជំនាញស្នូលបំពេញការងារប្រកបដោយវិជ្ជាជីវៈ ជាអ្នកផ្តល់ភាពកក់ក្តៅ និងជាទីពឹងពំនាក់របស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាសម្រេចឱ្យបាននូវគោលបំណងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងឱកាសនោះដែរឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានផ្តល់អនុសាសន៍គន្លឹះៗជាច្រើនទៀត រួមទាំងបានផ្តល់ការឧបត្ថម្ភគាំទ្រដល់សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម នូវរថយន្ត ប្រព័ន្ធចម្រោះទឹកស្អាត និងកុំព្យូទ័រមួយ ចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង