ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹទ្ធសភាហ្វីលីពីននឹងស៉ើបអង្កេត ជុំវិញការចាប់និងប្រគល់ខ្លួន អតីតប្រធានាធិបតី Rodrigo Duterte ឱ្យតុលាការ ICC

19


ម៉ានីល៖នៅថ្ងៃចន្ទ ទី១៧ ខែមីនា ព្រឹទ្ធសភានៃប្រទេសហ្វីលីពីន បានឱ្យដឹងថា ខ្លួននឹងបើកការស៉ើបអង្កេតផ្លូវការមួយ ជុំវិញករណីចាប់ខ្លួន អតីតប្រធានាធិបតី លោក Rodrigo Duterte និងប្រគល់ខ្លួនរូបលោកយ៉ាងឆាប់រហ័ស កាលពីសប្តាហ៍មុន ឱ្យទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដែលនឹងដំណើរការជំនុំជម្រះក្តីលើលោក Duterte ក្រោមការចោទប្រកាន់ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អតីតមេដឹកនាំហ្វីលីពីនវ័យ៧៩ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធយុទ្ធនាការបង្រ្កាបគ្រឿងញៀន អំឡុងពេលលោកនៅកាន់អំណាច ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។ ការស៉ើបអង្កេតខាងលើ ត្រូវបានផ្តួចផ្តើមដោយ សមាជិកព្រឹទ្ធសភា លោកស្រី Imee Marcos ដែលត្រូវជាបងស្រីរបស់ប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន គឺលោក Ferdinand Marcos ប៉ុន្តែត្រូវជាមិត្តភក្តិជិតស្និទ្ធម្នាក់ របស់កូនស្រីច្បងលោក Duterte គឺអនុប្រធានាធិបតី លោកស្រី Sara Duterte។
លោកស្រី Imee Marcos បាននិយាយថា ក្នុងនាមជាប្រធានគណៈកម្មាធិការព្រឹទ្ធសភា ទទួលបន្ទុកកិច្ចការបរទេស លោកស្រី អំពាវនាវឱ្យមានការស៉ើបអង្កេតជាបន្ទាន់មួយ ជុំវិញការចាប់ខ្លួនលោក Rodrigo Duterte ដែលជាបញ្ហាមួយ ដែលនាពេលនេះ កំពុងបង្កឱ្យប្រទេសជាតិទាំងមូល ស្ថិតក្នុងស្ថានភាពបែកបាក់។ លោកស្រី បានសង្កត់ធ្ងន់ថា ការស៉ើបអង្កេតនេះ គឺដើម្បីធានាថា តើការចាប់ខ្លួនលោក Duterte បានប្រព្រឹត្តទៅតាមនីតិវិធីត្រឹមត្រូវ ហើយសិទ្ធិស្របច្បាប់របស់លោក ត្រូវបានការពារដែរ ឬយ៉ាងណា ព្រោះអធិបតេយ្យនិងដំណើរការផ្លូវច្បាប់របស់ប្រទេសហ្វីលីពីន ចាំបាច់ត្រូវតែសំខាន់បំផុត។
គួរបញ្ជាក់ថា លោក Duterte ត្រូវបានចាប់ខ្លួនភ្លាមៗ នៅឯព្រលានយន្តហោះទីក្រុងម៉ានីល កាលពីថ្ងៃទី១១ ខែមីនា ក្រោយទើប ត្រឡប់មកពីទីក្រុងហុងកុង ហើយនៅយប់ថ្ងៃដដែលនោះ រូបលោកត្រូវបានបញ្ជូនតាមយន្តហោះឯកជនមួយគ្រឿង ទៅកាន់ប្រទេសហូឡង់ ជាទីដែលរូបលោក ត្រូវបានប្រគល់ខ្លួន ឱ្យទៅតុលាការ ICC។ ព្រឹទ្ធសភាហ្វីលីពីន បានកំណត់រៀបចំ សវនាការសាធារណៈមួយ សម្រាប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយបានអញ្ជើញអគ្គស្នងការនគរបាលហ្វីលីពីន និងមន្រ្តីរដ្ឋាភិបាលដទៃទៀត ឱ្យចូលរួមផ្តល់ភស្តុតាង៕

អត្ថបទដែលជាប់ទាក់ទង