មន្ត្រីយោធា ឈ្មោះ គឹម ពេជ្រ ដកកាំភ្លើងគំរាម និងបាញ់២គ្រាប់ លើជនរងគ្រោះ តែមិនផ្ទុះ ក្នុងជម្លោះកន្លែងចតរថយន្ត
ភ្នំពេញ៖ សមត្ថកិច្ចសម្រេចឃាត់ខ្លួនទាំងមន្ត្រីយោធា ដែលដកកាំភ្លើងបាញ់គំរាមមិនចេញ២គ្រាប់ និងអ្នកបើករ៉ឺម៉កកង់បី ដែលជាបក្ខពួក រួមគំនិតគ្នា ព្រួតគ្នាវាយអ្នកបើកបររថយន្តសាំយ៉ុង បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានអនុញ្ញាតឲ្យក្រុមគ្រួសារយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យ។ ជនបង្កទាំង២នាក់ត្រូវ ឃាត់ខ្លួន ហើយ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍កាកាប២ បញ្ជូនទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង៨៖៣០នាទី យប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ នៅផ្លូវបេតុងចូលវិមានសព ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនពាក់ព័ន្ធ ជាជាបង្កដើមហេតុ ឈ្មោះ គឹម ពេជ្រ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរមន្ត្រីយោធា ស្នាក់នៅភូមិព្រៃទា៣ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ជាអ្នកបើករថយន្ត Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-4485 ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងដកហូតកាំភ្លើងខ្លីម៉ាក រ៉ូឡូ មួយដើម, ទី២.ឈ្មោះ សួន សុភ័ក្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់ម៉ូតូកង់បី ជាបក្ខពួកជនទី១ ស្នាក់នៅភូមិព្រៃទា៣ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងទី៣.ឈ្មោះ ឆន នាវៃ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិត្រាចកោះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ជាអ្នកបើកបររថយន្តសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2U-3390 រងរបួសពោរមុខ និងបែកក្បាល បញ្ជូនទៅមន្ទីរពេទ្យ។
មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជាជនរងគ្រោះ បើករថយន្តសាំយ៉ុង ពណ៌ស្លែ ស្លាកលេខ ភ្នំពេញ 2U-3390 ដឹកជនជាតិចិន ជាង១០នាក់ មកចូលហាង ក្បែរកន្លែងកើតហេតុ ហើយពេលភ្ញៀវចុះអស់ គាត់ក៏បានបើករថយន្តទៅចតនៅម្ខាងផ្លូវ។ ពេលនោះ មានបុរសម្នាក់ទៀត បានបើករថយន្ត Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-4485 មកដែរ ហើយប្រាប់ទៅអ្នកបើករថយន្តសាំយ៉ុង ឲ្យថយក្រោយបន្តិច ព្រោះកន្លែងដែលចតនេះ ជាចំណតរបស់គាត់យូរឆ្នាំហើយ។ បន្តិចក្រោយមក ស្រាប់តែឃើញបុរសទាំង២ ប៉ះសម្ដីគ្នារហូតឈានប្រើហិង្សា ហើយអ្នករត់កង់បីម្នាក់ ដែលស្គាល់បុរសបើករថយន្ត Highlander ឃើញវាយគ្នាចឹង បានចូលទៅព្រួតជួយវាយថែម បណ្តាលឲ្យអ្នកបើករថយន្តសាំយ៉ុង របួសប៉ោងមុខ និងបែកក្បាលយ៉ាងដំណំ។
សមត្ថកិច្ចឲ្យដឹងថា ក្រោយទទួលព័ត៌មានពីករណីហិង្សាខាងលើ សមត្ថកិច្ចប៉ុស្ដិ៍កាកាប២ បានចុះអន្តរាគមន៍ភ្លាមៗ ហើយដោយឃើញសភាពរបស់អ្នកបើករថយន្តសាំយ៉ុង មិនសូវស្រួល និងមានការស្នើសុំពីគ្រួសារផង ទើបអនុញ្ញាតឲ្យទៅព្យាបាលរបួសនៅមន្ទីរពេទ្យ។ ស្រាប់តែភាគីម្ខាងទៀតមិនសុខចិត្ត ក៏បានដកកាំភ្លើងខ្លីម៉ាក រ៉ូឡូ ចេញពីក្នុងហោប៉ៅមកគំរាមអ្នកបើករថយន្តសាំយ៉ុង និងសមត្ថកិច្ច ដោយបានកេះកៃបាញ់គំរាម២ដង តែបាញ់មិនផ្ទុះ ទើបសមត្ថកិច្ចឃាត់ខ្លួន និងដកហូតកាំភ្លើងយកទៅរក្សាទុក។
បានតាមការបញ្ជាក់របស់ជនរងគ្រោះ បានអោយ ដឹងថា ខ្លួនបានបើករថយន្តទៅយកភ្ញៀវចិនទៅ ដាក់នៅចំនុចខាងលើ រួចក៏បានឈប់ចតចាំ។ រំពេចនោះស្រាប់តែជនសង្ស័យឈ្មោះ គឹម ពេជ្រ មកស្រែកឡូឡា។ ខ្លួនក៏ចុះទៅសួរនាំស្រាប់តែជនសង្ស័យក៏ដាល់ចំភ្នែកខាងឆ្វេង និងមាត់បណ្ដាលឱ្យហើម និងជនសង្ស័យទី២ ឈ្មោះ សួន សុភ័ក្រ ក៏បានរត់ចូលមក ដោយដៃមានកាន់ច្រវ៉ាក ចាក់កឹបមេសោសូលិច មកសំពងលើក្បាលខ្លួន បណ្ដាលឱ្យដួលទៅលើដីបាត់បង់ស្មារតី។
ភ្លាមនោះស្រាប់តែជនសង្ស័យឈ្មោះ គឹម ពេជ្រ មានការខឹង ច្រឡោតខ្លាំង ហើយបានដកកាំភ្លើខ្លីម៉ាករ៉ូឡូលេខ000497-08 ចេញពីហោប៉ាវភ្ជង់សម្តៅមេប៉ុស្តិ៍និងបាញ់ចំនួន២គ្រាប់តែមិនផ្ទុះ ទើបសមត្ថកិច្ចធ្វើការអន្តរាគមន៍ដកហូតយកអាវុធពីជនសង្ស័យបាន ហើយធ្វើការត្រួតពិនិត្យអាវុធមានគ្រាប់៦គ្រាប់ ក្នុងនោះមានស្នាមញញ៉ួរ (កាំភ្លើង) វាយតែមិនទាន់ផ្ទុះ ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ បានបញ្ចូនអោយផ្នែកជំនាញព្រហ្មទណ្ឌខណ្ខដើម្បីឃុំខ្លួនជាបណ្តោះ អាសន្ន ៕