ស្រុកបារាយណ៍ មានប្រព័ន្ធ ធារាសាស្រ្តសម្តេច ហ៊ុន សែន ទន្លេជុំស្រោចស្រពលើផ្ទៃដី ស្រូវបណ្តេញទឹកប្រមាណ ជិត៤.០០០ ហិចតា ជារៀងរាល់ឆ្នាំ
កំពង់ធំ៖ ប្រព័ន្ធធារាសាស្រ្តសម្តេច «ហ៊ុន សែន ទន្លេជុំ» ស្រុកបារាយ ណ៍ ខេត្តកំពង់ធំ កំពុងស្រោចស្រពស្រូវបណ្តាញទឹកប្រមាណជិត ៤,០០០ហិចតា។ នេះបើតាមលោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ បានបញ្ជាក់អោយដឹងថ្មីៗនេះ។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក អភិបាលស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃ២ធ្នូ ឆ្នាំ២០១៨នេះថា៖ ស្រុកបារាយណ៍ គឺជាស្រុកមួយមានវិសាលភាពដំណាំស្រូវដ៏ធំមួយ ដែលមានប្រព័ន្ធ ធារាសាស្រ្តធំៗចំនួនបី ក្នុងនោះ ប្រព័ន្ធធារាសាស្រ្តសម្តេច ហ៊ុន សែន ទន្លេជុំ គឺជាប្រព័ន្ធធារាសាស្រ្តធំដែលអាច មានវិសាលភាពស្រោចស្រពលើផ្ទៃដី ស្រូវបណ្តេញទឹកប្រមាណ ជិត៤,០០០ ហិចតា ជារៀងរាល់ឆ្នាំ។
លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ បានបញ្ជាក់ថា៖ វិសាលភាពនៃផ្ទៃដីបង្កបង្កើនផលនៃដំណាំស្រូវ របស់ប្រជាពលរដ្ឋ នៅក្នុងស្រុកបារាយណ៍ មានវិសាលភាពធំ ទាំងស្រែវស្សា និងស្រែបណ្តេញទឹក ដែលនៅក្នុងនោះ មានស្រូវវស្សាមានរហូតទៅដល់ជាង៤៥,០០០ហិចតា។
លោកអះអាងថា ដោយសារតែបម្រែបម្រួល អាកាលធាតុ នៅចុងរដូវវស្សាពុំមានភ្លៀងធ្លាក់គ្រប់គ្រាន់ បានធ្វើឲ្យស្រូវវស្សាប្រមាណ ២,៧០០ហិចតា រងនូវការខូចខាតទាំងស្រុង ហើយស្រូវវស្សា ដែលអាចទាញយក ប្រភពទឹកមកជួយសង្គ្រោះបាន ទាំងស្រុងបានប្រមាណ១,៩០០ហិចតា និងស្រូវប្រមាណជា ២,៩០០ហិចតា ផ្សេងទៀតដែលគ្រោង នឹងសង្គ្រោះ លែងបាន បែរជាមានភាពល្អប្រសើរបានមួយចំនួនមកវិញ ដោយសារមានភ្លៀងធ្លាក់ចំនួនពីរ ថ្ងៃកាលពីថ្ងៃទី២៦ និង២៧ ខែវិច្ឆិកាកន្លងទៅនេះ។
លោកអភិបាលស្រុករូបនេះបន្តថា ចំពោះស្ថានភាពស្រូវបណ្តេញទឹកវិញ នៅស្រុកបារាយណ៍នាឆ្នាំនេះ ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋបានចំនួន ៦ ,៥២៥ហិចតា លើផែនការបង្ករបង្កើនផលត្រឹមតែ ៣,៥០០ហិចតា ប៉ុណ្ណោះ ដែលចំនួននេះគឺប្រជាពលរដ្ឋមានការបង្ក បង្កើនផលលើសផែនការ នៃការផ្គត់ផ្គង់ទឹក រហូតទៅដល់ ៣,០២៥ហិចតា ប៉ុន្តែដោយសារតែមានភ្លៀងធ្លាក់ចំនួនពីរថ្ងៃកាលពីពេលមុននេះ បានធ្វើឲ្យទឹកនៅតាមស្រែ តាមប្រព័ន្ធធារាសាស្ត្រ និងប្រឡាយ មានទឹកជោគជាំសមល្មមអាចផ្គត់ផ្គង់ទឹកបានឡើងវិញ។
សម្រាប់ក្ដីរំពឹងនោះ ស្រូវ បណ្តេញទឹករបស់ប្រជាពលរដ្ឋក្នុងឆ្នាំនេះ នឹងមិនខ្វះខាតទឹកនោះទេ ព្រោះគ្រាន់តែអាងទឹករបស់ អាង សម្ដេច ហ៊ុន សែន ទន្លេជុំ មានទឹកច្រើន ដែលនេះអាចជួយស្រោចស្រពលើផ្ទៃដីគ្រប់គ្រាន់ប្រមាណ៣,៥០០ហិចតា និងប្រហែលជាជិត៥០០ហិចតាផ្សេងទៀត។
ជាមួយគ្នានេះ លោក ហាក់ ម៉ុងហួត ក៏បានគូសបញ្ជាក់ថា ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ រាជរដ្ឋាភិបាលក៏មានគម្រោងស្តារនូវប្រព័ន្ធធារាសាស្រ្ត ក្នុងស្រុកបារាយណ៍ ដើម្បីនាំទឹក និងស្តុកទឹកឲ្យច្រើនជាងឆ្នាំនេះ ផងដែរ ហើយក្រៅពីការស្តារឡើងវិញនូវប្រឡាយមេ និងប្រឡាយរងទាំងនេះ រដ្ឋបាលខេត្ត និងស្រុក ក៏គ្រោងនឹងឲ្យប្រជាពលរដ្ឋ និងសហគមន៍ស្តារនូវប្រឡាយរបស់សហគមន៍ឲ្យបានជ្រៅជាងមុន ដើម្បីឲ្យពួកគាត់ ងាយស្រួលបង្ហូរ ទាញយកទឹក និងជាពិសេសអាចស្តុកទឹកបានច្រើន ការពារភាពរឹងស្ងួត និងការផ្តល់ទឹកពីប្រឡាយ មេមិនគ្រប់គ្រាន់ ឬអាចនិយាយបានថា ទំស្កាត់ភាពខ្វះខាតបរិមាណទឹកក្នុងការផ្គត់ផ្គង់ដែរ។
សូមជម្រាបថា ប្រជាពលរដ្ឋនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ បានធ្វើស្រូវបណ្តេញទឹកចំនួន ៦,៥២៥ហិចតា លើ ៧ ឃុំ គឺឃុំឈូកខ្សាច់ ឃុំត្នោតជុំ ឃុំបារាយណ៍ ឃុំទ្រៀល ឃុំស្រឡៅ ឃុំពង្រ និងឃុំចុងដូង៕