សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំជួលចិត្ត និងសោកស្តាយ ចំពោះមរណភាពរបស់ឯកឧត្ដម ស្វាយ ដូត
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានក្តុកក្តួល រំជួល ចិត្ត និងសោកស្តាយឥតឧបមា ចំពោះមរណភាពឯកឧត្ដមស្វាយ ដូត ដែលជាជំនួយការ របស់សម្តេច។
តាមរយៈសារលិខិតចូលរួមរំលែកមរណទុក្ខផ្ញើជូនលោកជំទាវ សែម សុធា ភរិយារបស់ឯកឧត្ដម ស្វាយ ដូត, សម្តេចមហាបវរធិបតី បានចាត់ទុកមរណភាពរបស់ឯកឧត្ដមស្វាយ ដូត គឺជាការបាត់ បង់ ស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តម ចំពោះភរិយា និងជាការបាត់បង់ឪពុក ដែលប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ និងសាច់ញាតិជិតឆ្ងាយទាំងអស់។ ជា ពិ សេសជា ការបាត់បង់មន្ត្រីដ៏ល្អឆ្នើមមួយរូប បានរួមចំណែកធ្វើពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈ និងមនសិការមោះមុត ដើម្បីចូលរួមបម្រើជាតិ សាសនា ព្រះមហា ក្សត្រ និងបម្រើឱ្យឧត្តមប្រយោជន៍មាតុភូមិ និងប្រជាជនជារៀងរហូតមក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បួងសួងឱ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្ដមស្វាយ ជូត ឆាប់បាន យោនយកកំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថាឯកឧត្ដម ស្វាយ ដូត បានទទួលមរណភាពដោយសារបញ្ហាបេះដូង ពេល កំពុង ចូល រួម ទាត់បាល់ក្នុងកម្មវិធីប្រកួតបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន នៅល្ងាចថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥នេះ។
ឯកឧត្ដមស្វាយ ដូត មានអាយុ៥៦ឆ្នាំ ជាជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី កម្ពុជា។ ឯកឧត្ដម ស្វាយ ដូត ជាមន្ត្រីមួយរូបដែលស្លូតបូត និងស្មោះត្រង់ ហើយទទួល បាន ការស្រឡាញ់រាប់អានយ៉ាងខ្លាំងពីអ្នករួមការងារ ក៏ដូចជាមិត្តភក្តិ។
មរណភាពរបស់ឯកឧត្ដម ស្វាយ ដូត បាននាំមកនូវការស្តាយស្រណោះអាឡោះអាល័យជា ពន់ពេកពីសំណាក់ក្រុមគ្រួសារ មន្ត្រីរួមការងារ ក៏ដូចជាមិត្តភក្តិ។
សពរបស់ឯកឧត្ដម ស្វាយ ដូត ត្រូវបានតម្កល់រៀបចំពិធីបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា នៅគេហដ្ឋាននៅបុរីសម្បត្តិមានហេង៣ ផ្ទះលេខ១ ផ្លូវលេខ៥ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕