បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ឃាត់ខ្លួន២នាក់ និងថ្នាំញៀនជិត២ពាន់គ្រាប់
បន្ទាយមានជ័យ ៖ នគរបាលស្រុកម៉ាឡៃ បានបើកប្រតិបត្តិការ បង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀន យ៉ាងសកម្មនៅជាយដែន ចាប់ឃាត់ខ្លួនបានចំនួន ២នាក់ រួមទាំងវត្ថុតាងថ្នាំញៀនជិត២ពាន់គ្រាប់ នៅចំណុចលើផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។
លោកវរសេនីយ៍ឯក អ៊ុក សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានធ្វើការបង្រ្កាបចាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងជាបន្តបន្ទាប់ ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ឈ្មោះដែន លីវយី ភេទប្រុស អាយុ១៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ លឿន វិទូ ភេទប្រុស អាយុ១៨ឆ្នាំ រស់ នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ កម្លាំងនគរបាលបានឆែកឆេររកឃើញថ្នាំញៀន ដែលមានអក្សរ WY លើគ្រាប់ថ្នាំ ចំនួន១.៨៩២គ្រាប់ ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងថ្នាំញៀន កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុក កំពុងកសាងសំណុំរឿង បញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕