បើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញស្តីពីយុទ្ធសាស្រ្តបន្សាបព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត
ភ្នំពេញ៖ដោយមានការដឹកនាំចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ យ៉ែម នៅ ស្នងការរងផែនការងារធនធានមនុស្ស នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើបទបង្ហាញវគ្គបណ្តុះបណ្តាលបំប៉នជំនាញ ស្តីពីយុទ្ធសាស្ត្របន្សាបព័ត៌មានក្លែងក្លាយ និងប្រយុទ្ធប្រឆាំង ការឆ្លើយតបព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តាមបណ្តាផែនការងារជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ សរុបចំនួន៥០នាក់។
វគ្គបណ្តុះបណ្តាលនេះ សំដៅលើការពង្រីកចំណេះជំនាញក្នុងការគ្រប់គ្រង តាមដានឆ្លើយតប បកស្រាយដើម្បីបន្សាបព័ត៌មាន ក្លែងក្លាយ ព័ត៌មានមិនពិត នៅលើតាមបណ្តាញសង្គមឱ្យមានប្រសិទ្ធភាព កុំឲ្យប្រជាពលរដ្ឋ មានការយល់ច្រឡំ ជាពិសេសការគ្រប់គ្រងសតិអារម្មណ៍របស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានពិត និងការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីទប់ស្កាត់កុំឲ្យមានការជឿជាក់ខ្វះការពិចារណា ដែលអាចធ្វើការសម្រចិត្តខុសបង្ក ជះឥទ្ធិពលអាក្រក់ណាមួយនៅក្នុងសង្គម រឺនៅក្នុងជីវភាពប្រចាំថ្ងៃនៅពេលដែលប្រជាពលរដ្ឋទទួលបានព័ត៌មាន ក្លែងក្លាយ ព័ត៌មានមិនពិត ពីការបង្កើតឡើងដោយក្រុមទុច្ចរិតណាមួយនោះ។
វគ្គបណ្តុះបណ្តាលបំប៉នជំនាញសិក្សាលើមេរៀន រួមមាន៖
-ទី១៖ ការយល់ដឹងពីព័ត៌មានក្លែងក្លាយ និងព័ត៌មានពិត
-ទី២៖ ភាពខុសគ្នារវាងព័ត៌មានក្លែងក្លាយ និងព័ត៌មានពិត
-ទី៣៖ យុទ្ធសាស្ត្របន្សាបព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត៕