«ហេតុអ្វីមិនផ្តល់ផ្កាយមាស៥ ជូនសម្តេចក្រឡាហោម ស ខេង» ដោយសារសម្តេចក្រឡាហោម ជាស៊ីវិលមិនជាយោធា
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានឆ្លើយតបនឹងសំណួរមួយដែលថា «ហេតុអ្វីមិនផ្តល់ផ្កាយមាស៥ ជូនសម្តេចក្រឡាហោម ស ខេង» គឺដោយសារតែសម្តេចក្រឡាហោម ជាស៊ីវិល ដូច្នេះមិនពាក់ឋានន្តរស័ក្តិ ដូចជាយោធានោះទេ។
ការឆ្លើយតបបែបនេះ ធ្វើឡើងក្នុងឱកាស ដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពខ្ពង់ខ្ពស់ ក្នុងពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅទីស្ដីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។
ឆ្លើយតបនឹងសំនួរនេះ សម្ដេចតេជោ ហ៊ុន សែន បា នបញ្ជាក់យ៉ាងដូច្នេះថា «មានសារមួយ ចូលមកបញ្ចេញមតិថា បាត់សម្ដេច ស ខេង ខ្ញុំក៏បានចូលទៅឆ្លើយតបថា សម្ដេច ស ខេង ជាស៊ីវិល គាត់មិនពាក់ឋានន្តរស័ក្តិ ដូចជាទាហាននោះទេ»។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្ដេចក្រឡាហោម ស ខេង នៅក្នុងអំឡុងឆ្នាំ១៩៩៧-១៩៩៨ ពេលនោះ សម្ដេចក្រឡាហោម បាននិយាយថា បើសិនជាសម្ដេចពាក់ស័ក្ដិ ក៏ពាក់ស័ក្ដិត្រឹមស័ក្ដិ៥ដែរ មិនពាក់ធំជាងនឹងនោះទេ ព្រោះថា ពេលនោះកំពុងតែអតិផរណាស័ក្ដិ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា សូមកុំមកព្យាយាមបំបែកផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជា ហើយអ្នកត្រូវចាំ អ្នកកាន់តែបំបែកផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជា គឺអ្នកទេដែលបែកបាក់ផ្ទៃក្នុងខ្លួនឯង ដូច្នេះសូមកុំបំបែកគណបក្សប្រជាជនកម្ពុជាឲ្យសោះ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកដែលធ្លាក់បំបែកបំបាក់គណបក្សប្រជាជនកម្ពុជាទាំងប៉ុន្មាន គឺបែក បាក់ខ្លួនឯងទាំងអស់។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំហ៊ាននិយាយ ខ្ញុំហ៊ានធ្វើ»ហើយសម្ដេចបន្ដទៀតថា បក្សប្រឆាំងចំនួនប៉ុន្មានហើយ ដែលចង់បំបែកគណបក្សប្រជាជន ប៉ុន្ដែទីចុងបំផុត លទ្ធផល គឺបែកខ្លួនឯងទាំងអស់ ហើយសម្ដេចបានសង្កត់ធ្ងន់ថា «ខ្ញុំនឹងបន្ដធ្វើកិច្ចការងារនេះ ដោយមិនទុកឲ្យអ្នកឯងរួចខ្លួននោះទេ»។
សូមជម្រាបថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិ ថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥» ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីការផ្តល់ឋានន្តរស័ក្តិ ជូនសម្តេចពិជ័យសេនា និងសម្តេចម៉ែន សំអន នាពេលនេះ ជាការឆ្លើយតបចំពោះគុណបំណាច់ ដែលបានធ្វើកិច្ចការងារបម្រើជាតិ ហើយសម្តេចទាំងពីរ ក៏ជាអ្នកចូលរួមបង្កើតរបបរាជានិយមផងដែរ៕