ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ប្រសិនបើតំបន់ទេសចរណ៍ណាប្រជាសហគមន៍ អាចមានសមត្ថភាពផ្ដល់សេវាគាំទ្រគ្រប់គ្រាន់ហើយនោះ មិនចាំបាច់តម្រូវឲ្យមានការវិនិយោគចូលបន្ថែមទៀតឡើយ

26

តាកែវ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាពង្រឹងសមត្ថភាពប្រជាសហគមន៍នៅមូលដ្ឋានទេសចរណ៍ ឲ្យបានយល់ពីបដិសណ្ឋារកិច្ច និងការផ្ដល់សេវាគាំទ្រនានា សំដៅដល់ការចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរកាន់តែល្អប្រសើរបន្ថែមទៀត។
ក្នុងឱកាសអញ្ជើញជាអធិបតីបើកពិធីបុណ្យសមុទ្រលើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការពង្រឹងសមត្ថភាពប្រជាសហគមន៍ ជាចំណែកមួយដ៏សំខាន់ក្នុងការរុញឲ្យពួកគាត់កាន់តែទទួលបានជោគជ័យ ជាមួយនឹងផលិតផលដែលមាននៅហ្នឹ ងកន្លែង មុនស្វែងរកការចូលរួមពីវិស័យឯកជនទៅវិនិយោគ។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, សមត្ថភាពប្រជាសហគមន៍កាន់ខ្ពស់ មិនមែនមានន័យថា មិនត្រូវការចូលរួមវិនិយោគបន្ថែមនោះទេ ប៉ុន្ដែជាការជួយបំពេញឲ្យគ្នាទៅវិញទៅមក នូវរាល់អ្វីដែលជាចំណុចខ្វះខាត និងសេចក្ដីតម្រូវការរបស់អតិថិជនដែលជាភ្ញៀវទេសចរ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា«មុននឹងយើងទៅរកវិស័យឯកជនមកវិនិយោគ យើងផ្ដោតទៅលើការពង្រឹងសមត្ថភាពរបស់សហគមន៍ បើគាត់បានជោគជ័យនៅហ្នឹងកន្លែងជាផលិតផលរួចទៅហើយ ព្រោះផលិតផលនៅមូលដ្ឋានសុទ្ធតែមាន។ សំណួរសួរថា អ៊ីចឹងយើងឈប់ឲ្យវិស័យឯកជនចូលវិនិយោគ? អត់ទេ ព្រោះសមត្ថភាពរបស់សហគមន៍មិនអាចទៅគ្រប់កន្លែងបានទេ កន្លែងណាសហគមន៍គ្រប់គ្រងបានយើងឲ្យសហគមន៍ តែកន្លែងខ្លះអត់បានទេ»។
ត្រង់ចំណុចផ្ដល់អាទិភាពឲ្យប្រជាសហគមន៍នេះ សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានពន្យល់ថា ប្រសិនបើតំបន់ទេសចរណ៍ណាប្រជាសហគមន៍ អាចមានសមត្ថភាពផ្ដល់សេវាគាំទ្រគ្រប់គ្រាន់ហើយនោះ មិនចាំបាច់តម្រូវឲ្យមានការវិនិយោគចូលបន្ថែមទៀតឡើយ។ ប៉ុន្ដែប្រសិនបើតំបន់ទេសចរណ៍នោះធំ សហគមន៍មិនមានសមត្ថភាពគ្រប់គ្រាន់ទេ គឺត្រូវមានការវិនិយោគបន្ថែម ដើម្បីបំពេញសេចក្ដីត្រូវការរបស់ភ្ញៀវទេសចរ។
ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការបើកច្រកឲ្យឯកជនវិនិយោគនៅតំបន់ទេសចរណ៍ គឺត្រូវគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយ ដោយធ្វើយ៉ាងណាមិនត្រូវឲ្យប៉ះពាល់ដល់សហគមន៍ដាច់ខាត ពោលត្រូវប្រើប្រាស់អភិក្រម «ចែកគ្នារស់»។ ការណែនាំនេះ ក្រោយសម្ដេចទទួលបានសំណើដោយបង្ហាញពីក្ដីបារម្ភរបស់សហគមន៍ នៅពេលចុះពិនិត្យផ្ទាល់នៅតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដទៀតថា ចំពោះការវិនិយោគរបស់វិស័យឯកជននៅតំបន់ទេសចរណ៍ គឺត្រូវធ្វើយ៉ាងណាកុំឲ្យបាត់បង់សណ្ឋានធាតុដើម ឬលក្ខណៈធម្មជាតិដែលជាអត្តសញ្ញាណ និងមិនត្រូវបិទតំបន់សាធារណៈនោះទេ៕

អត្ថបទដែលជាប់ទាក់ទង