សម្តេចធិបតី ហ៊ុន ណែនាំថ្នាក់ដឹកនាំខ្មែរឥស្លាម ត្រូវមានទំនាក់ទំនងល្អជាមួយសហគមន៍ និងសាសនាដទៃទៀត ដើម្បីសុខដុមនីយកម្មជាតិសាសន៍
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំដល់ថ្នាក់ដឹកនាំខ្មែរឥស្លាម និង សាសនិកឥស្លាមទាំងអស់ ត្រូវបន្តសហការប្រកបដោយសាមគ្គីភាព និង មិត្តភាព ព្រមទាំងមានទំនាក់ទំនងល្អជាមួយសហគមន៍ សាសនាដទៃទៀតទាំងក្នុងថ្នាក់ជាតិ-អន្តរជាតិ ដោយឈរលើគោលការណ៍ សុខដុមនីយ កម្ម ជាតិសាសន៍ និងសាសនា។
ក្នុងឱកាសអញ្ជើញពិសាអាហារស្រាយបួសជាមួយ បងប្អូនខ្មែរ-ឥស្លាម នាល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យបន្តរៀបចំដឹកនាំ កិច្ចការសាសនា ក្នុងសហគមន៍ខ្មែរឥស្លាម តាមរយៈកិច្ចសហការ យ៉ាងជិត ស្និទ្ធ ជាមួយក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមានសមត្ថកិច្ច តាមលំដាប់ថ្នាក់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ថ្នាក់ដឹកនាំខ្មែរឥស្លាម និង សាសនិកឥស្លាមទាំងអស់ ត្រូវបន្តសហការប្រកបដោយសាមគ្គីភាព និង មិត្តភាព ព្រមទាំងមានទំនាក់ទំនងល្អជាមួយសហគមន៍ សាសនាដទៃទៀត, ទាំងក្នុងថ្នាក់ជាតិ-អន្តរជាតិ, ដោយឈរលើគោលការណ៍ សុខដុមនីយ កម្ម ជាតិសាសន៍ និងសាសនា»។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាពិតជាមាន មោទន ភាព ចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលគោរពកាន់សាសនាផ្សេងៗគ្នា ប៉ុន្តែមានសាមគ្គីគ្នាយ៉ាងល្អ មិនត្រឹមតែជាមោទនភាពសម្រាប់កម្ពុជានោះទ តែក៏ជាមោទនភាពសម្រាប់ប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរ ដែលប្រទេសជាច្រើនកោតសសើរចំពោះ សុខដុមនីយកម្មសាសនា នៅកម្ពុជា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់គណៈកម្មការរៀបចំពិធីពិសាអាហារស្រាយបួស ដែលមានលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីជាប្រធាន ដែលបានសហការរៀបចំពិធីនេះឡើង ដើម្បីបង្ហាញឲ្យឃើញនូវសាមគ្គីភាព ការយោគយល់គ្នា និងការរស់នៅជាមួយ គ្នាប្រកបដោយក្តីមេត្តា ករុណា រវាងសហគមន៍ឥស្លាមនៅកម្ពុជា ក្រោមម្លប់សុខសន្តិភាព៕