អាជ្ញាធរខណ្ឌច្បារអំពៅ ៖សូមរុះរេីចេញជាបន្ទាន់ រាល់ការលក់ដូរ ដាក់តាំងឧបករណ៍ សម្ភារៈទំនិញ ដាក់ស្លាកយីហោ នៅលេីផ្លូវ និងចិញ្ចេីមផ្លូវ៣៦៩
ភ្នំពេញ៖ ដើម្បីរក្សាបាននៅសណ្តាប់ធ្នាប់សាធារណៈល្អ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ ចុះណែនាំ និងចែកលិខិតជូនដំណឹង ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតដល់តំបន់ច្រាំងបាក់ ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២ ។
លោក ហ៊ត គឹមនី អភិបាលរងខណ្ឌបានឱ្យដឹងថា កន្លងមករដ្ឋបាលខណ្ឌ តែងតែចុះណែនាំ និងចែកលិខិតជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងអាជីករ ក្នុងន័យមិនអនុញ្ញាតឱ្យដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗ នៅលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ។
បេីយោងតាមសេចក្តីជូនដំណឹងលេខ ០៦៥/២៥ សជណ.ចអព របស់រដ្ឋបាលខណ្ឌច្បារអំពៅ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតដល់តំបន់ច្រាំងបាក់ ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២ គឺទុករយះពេល៥ថ្ងៃ ចាប់ពីថ្ងៃចុះហត្ថលេខា អោយបញ្ឈប់ និងរុះរេីចេញជាបន្ទាន់ រាល់ការលក់ដូរ ដាក់តាំងឧបករណ៍សម្ភារៈទំនិញ ស្លាកយីហោ និងការចតមធ្យោបាយផ្សេងៗ ចេញអោយអស់ពីលេីផ្លូវនិងចិញ្ចេីមផ្លូវ ៣៦៩ ។
ហេតុដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់លំនៅឋាន នៅអមសងខាងកំណាត់ផ្លូវ លេខ៣៦៩ ក្នុងសង្កាត់ច្បារអំពៅទី២ ទាំងអស់ សូមចូលរួមសហការរក្សារបៀបរៀបរយ សណ្តាប់ធ្នាប់ផ្លូវសាធារណៈ ដេីម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងចូលរួមចំណែកលេីកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ៕