រាជបណ្ឌិត្យសភាកម្ពុជានឹងបកប្រែវប្បធម៌ ប្រពៃណីខ្មែរ ទៅជាភាសាចិន ដើម្បីឱ្យពលរដ្ឋចិន បានស្គាល់ពីកម្ពុជាកាន់តែច្បាស់
ភ្នំពេញ៖ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា រាជបណ្ឌិត្យសភាកម្ពុជានឹងបកប្រែវប្បធម៌ ប្រពៃណី ក្បាច់គុនរបស់ខ្មែរ ទៅជាភាសាចិន ដើម្បីឱ្យប្រជាពលរដ្ឋចិន បានស្គាល់ពីកម្ពុជាកាន់តែច្បាស់ ពោលមិនមែនស្គាល់តែអ្នកនយោបាយ និងមិនមែនស្គាល់តែអ្នកធ្វើពាណិជ្ជកម្មនោះទេ។
ការឱ្យដឹងបែបនេះរបស់ឯកឧត្ដមបណ្ឌិត សុខ ទូច បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៤ ស្ដីពី «ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ: ទំព័រថ្មីនៃសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី» នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញ។
ឯកឧត្ដមបណ្ឌិត សុខ ទូច បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំជឿជាក់យ៉ាងច្បាស់ណាស់នៅពេលខាងមុខនេះ យើងនឹងរៀបចំបកប្រែវប្បធម៌នៃប្រទេសកម្ពុជា វប្បធម៌របស់ចិន ទៅជាភាសាខ្មែរ និងភាសាខ្មែរ ទៅជាភាសាចិន ដើម្បីឱ្យចិន បានស្គាល់ពីវប្បធម៌ ស្គាល់ពីកម្ពុជា មិនមែនស្គាល់តែអ្នកនយោបាយ និងមិនមែនស្គាល់តែអ្នកធ្វើពាណិជ្ជកម្មដែរ តែត្រូវស្គាល់ប្រជាជន និងប្រជាជន»។
ឯកឧត្ដមបណ្ឌិត សុខ ទូច បានបន្ថែមថា ការបកប្រែវប្បធម៌ សិល្បៈ ក្បាច់គុនខ្មែរ ទៅជាភាសាចិន គឺធ្វើឡើងឱ្យស្របនឹងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក៏ដូចជាការយល់ដឹងពីគ្នា និងភាពជិតស្និទ្ធជាមួយគ្នារវាងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-ចិន។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានរម្លឹកថា គ្រាដែលលោកទៅបំពេញទស្សនកិច្ចនៅប្រទេសចិន គ្រានោះឯកឧត្ដមបានជួបសម្ភាសន៍ជាមួយប្រជាជនចិន ២០នាក់ តែមានមនុស្ស២នាក់ ប៉ុណ្ណោះដែលស្គាល់ប្រទេសកម្ពុជា។ ត្រង់ចំណុចនេះហើយទើបរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមបកប្រែភាសាវប្បធម៌ សិល្បៈ ប្រពៃណី ក្បាច់គុនរបស់ខ្មែរ ជាភាសាចិន ដើម្បីដាក់តាមយន្តហោះ បណ្ណាល័យ តាមហាង ព្រមទាំងតៀមកាហ្វេនានានៅក្នុងប្រទេសចិន ធ្វើបែបនេះនឹងធ្វើឱ្យប្រជាជនចិន បានស្គាល់ប្រទេសខ្មែរ និងវប្បធម៌របស់ខ្មែរកាន់តែច្រើនឡើង។
ទន្ទឹមនឹងនេះដែរ ឯកឧត្ដមបណ្ឌិត សុខ ទូច បានបង្ហាញការសង្ឃឹមជឿជាក់ថា ចំណងទំនាក់ទំនងមិត្តភាពកម្ពុជា និងចិន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះប្រជាជនចិន មានចំនួនច្រើន ១,៤០០លាននាក់ ដូច្នេះ ប្រសិនបើប្រជាជនចិនកាន់តែច្រើនឡើងបានស្គាល់ពីកម្ពុជា តាមរយៈវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៤ ស្ដីពី «ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ: ទំព័រថ្មីនៃសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី» នឹងផ្សព្វផ្សាយទៅដល់ប្រជាជនចិន និងកម្ពុជា ឱ្យក្លាយទៅជាមិត្ត ត្បូងពេជ្រ។
ឯកឧត្ដមបណ្ឌិត សុខ ទូច បានលើកឡើងថា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និងរាជបណ្ឌិត្យសភាកម្ពុជា នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដោយធ្វើយ៉ាងណាឱ្យក្លាយទៅជាមិត្តដ៏ល្អ មិត្តដែកថែប មិត្តត្បូងពេជ្រ ដូចអ្វីដែលមាននៅក្នុងក្រដាស ដែលបានចារទុកជាប្រវត្តិសាស្ត្រនាពេលកន្លងមក និងពេលអនាគត។
ភាពជាដៃគូរវាងប្រទេសទាំងពីរបង្ហាញពីកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ប្រកបដោយជោគជ័យ (South-South Cooperation)។ ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ ដែលបានបង្កើតឡើងក្នុងឆ្នាំ២០២៣ បានពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពចំនួន៦ រួមមាន៖ កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន៕