ក្រោយឈ្លោះប្រកែកជាមួយប្រពន្ធ បុរសជាប្តី រត់ទៅចងក សម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក
កណ្ដាល៖ បុរសជាប្តី ក្រោយពីមានទំនាស់ពាក្យសម្ដី ជាមួយប្រពន្ធរបស់ខ្លួន រឿងបន្ដិតបន្តួច បានសម្រេចចិត្ដចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹក ដែលករណីនេះ បង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។
មន្ដ្រីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកល្វាឯម បានឲ្យដឹងថា អ្នកស្លាប់មានឈ្មោះ រឿន វិន អាយុ២៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ។
តាមការបំភ្លឺរបស់ឈ្មោះ រី មុំ ភេទស្រី ត្រូវជាបងជីដូនមួយ បុរសដែលធ្វើអត្តឃាត បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ គាត់ មានការឈ្លោះ ប្រកែកពាក្យសម្តីគ្នាជាមួយប្រពន្ធបន្ដិតបន្តួច តែពុំមានបង្កបញ្ហាអ្វីទេធ្ងន់ធ្ងរទេ។ ក្រោយមកប្រពន្ធរបស់គាត់ ក៏បានចេញពីផ្ទះទៅផ្ទះម្តាយរបស់ខ្លួន។ លុះមកដល់ម៉ោង៧យប់ ឈ្មោះ រី មុំ បានត្រឡប់មកពីបុណ្យគេនៅក្នុងភូមិវិញ បានឃើញតែកូនប្រុសរបស់គាត់ ដេកលើគ្រែ ដោយពុំឃើញអត្តឃាតជននោះទេ។ ភ្លាមនោះឈ្មោះ រី មុំ បានទូរស័ព្ទ ទៅប្រពន្ធ ឲ្យត្រឡប់មកផ្ទះវិញ ក្រោយមកប្រពន្ធក៏បានមកដល់ផ្ទះ ហើយដើររកប្តី ដោយដើរដល់មុខបន្ទប់ទឹក ឃើញស្បែកជើងប្តីនៅពីមុខទ្វារ។ ភ្លាមនោះប្រពន្ធ ក៏ច្រានទ្វារចូល ស្រាប់តែឃើញប្តី ចងកនៅក្នុងបន្ទប់ទឹកស្លាប់បាត់ទៅហើយ ក៏ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចដើម្បីធ្វើការពិនិត្យ ។
ក្រោយពីសមត្ថកិច្ចជំនាញ បានទទួលព័ត៌មាន ភ្លាមនោះ ក៏ចុះមកធ្វើការពិនិត្យសាកសព រួចបញ្ជាក់ថា បុរសជាប្តី ពិតជាស្លាប់ដោយសារចងក សម្លាប់ខ្លួនប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធ ទៅនឹងបទល្មើសអ្វីផ្សេងឡើយ៕