ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្គ្រាម គឺជាទីលាន ដែលក្មេងៗយុវជន អត់ដែលស្គាល់គ្នា អត់ដែលស្អប់គ្នា ប៉ុន្តែសម្លាប់គ្នា ដោយសារការសម្រេចចិត្តរបស់អ្នកនយោបាយ

47


ព្រះសីហនុ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា កិច្ចការពារបូរណភាពទឹកដីកម្ពុជា មានផែនការច្បាស់លាស់ មិនមែនធ្វើតាមការនឹកឃើញនោះឡើយ ហើយការប្រើកម្លាំងទ័ពមិនមែនជាជម្រើសនោះឡើយ។ សង្គ្រាម គឺជាទីលាន ទីកន្លែងដែលក្មេងៗយុវជន អត់ដែលស្គាល់គ្នា អត់ដែលស្អប់គ្នា ប៉ុន្តែសម្លាប់គ្នា តាមការសម្រេចចិត្តរបស់អ្នកនយោបាយចាស់ៗ ដែលស្គាល់គ្នា ហើយស្អប់គ្នា។
ការថ្លែងបែបនេះរបស់សម្ដេចនាយករដ្ឋមន្រ្តី បានធ្វើឡើង ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
សម្ដេចមហាបវរធិបតី បានថ្លែងបែបនេះថា៖ «ថ្ងៃមុនខ្ញុំមើលពាក្យស្លោកមួយ សង្រ្គាម គឺជាទីលាន ទីកន្លែងដែលក្មេងៗយុវជន អត់ដែលស្គាល់គ្នា អត់ដែលស្អប់គ្នា តែសម្លាប់គ្នា សម្លាប់គ្នាដោយសារការសម្រេចចិត្តរបស់អ្នកនយោបាយចាស់ៗ ដែលស្គាល់គ្នា ហើយស្អប់គ្នា។ អញ្ចឹងសម្រេចចិត្តបង្កើតសង្រ្គាមទៅ តែអ្នកនយោបាយចាស់ៗហ្នឹងគាត់អត់សម្លាប់គ្នាទេ គាត់បញ្ជូនក្មេងៗដែលមិនដែលស្គាល់គ្នា មិនដែលស្អប់គ្នា ទៅសម្លាប់គ្នា នេះគឺជាធាតុពិតនៃសង្រ្គាម។ បើយើងវាយនៅព្រំដែនទាហានខ្មែរ ទាហានថៃមិនដែលស្គាល់គ្នាទេ មិនដែលស្អប់គ្នាផង ជួនកាលចែកបាយទឹកគ្នា ដើរល្បាតជាមួយគ្នា តែបើវាយគ្នាមានតែសម្លាប់គ្នា»។
សម្ដេចនាយករដ្ឋមន្ត្រី បានបន្តថា៖ «ការសម្រេចចិត្តកត្តានយោបាយធំណាស់ នេះហើយដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា យើងប្រកាន់ជំហរដឹកនាំដោះស្រាយដោយសន្តិវិធី ការពារម៉ឺងម៉ាត់អធិបតេយ្យភាពរបស់យើង ប្រើប្រាស់ឱ្យអស់លទ្ធភាពនូវវិធានការច្បាប់ និងវិធានការបច្ចេកទេសទាំងអស់ ដើម្បីចៀសផុតនូវការកាប់សម្លាប់គ្នាដោយមិនចាំបាច់ តែយើងនៅត្រៀមលក្ខណៈដើម្បីការពារទឹកដីរបស់យើង រួមទាំងមធ្យោបាយយោធា បើសិនជាមានការរំលោភបំពានបែបនោះ។ សម្រេចចិត្តវាយគ្នាតែបន្តិចទេរបស់អ្នកនយោបាយ ប៉ុន្តែស្លាប់ទាហានយើង ស្លាប់យុវជនក្មេងៗដែលអត់ដឹងរឿង អត់ដែលស្អប់គ្នា លើកកាំភ្លើងទៅបាញ់គ្នា នេះគឺជាធាតុពិតនៃសង្រ្គាម ហើយធ្វើឱ្យវេទនាប្រពន្ធកូន ក្លាយទៅជាមេម៉ាយ ទៅជាក្មេងកំព្រា មិនស្រួលទេ»។
កត្តាទាំងអស់នេះហើយ បានធ្វើឱ្យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថាត្រូវតែបន្តនិយាយអំពីសន្តិភាពរហូត ព្រោះថាសន្តិភាព ប្រៀបដូចជាខ្យល់ នៅជាមួយយើងរាល់ថ្ងៃយើងមិនដែលចាប់អារម្មណ៍ទេ ប៉ុន្តែនៅពេលដែលគ្មានខ្យល់ទើបយើងដឹងថា ខ្យល់នោះមានតម្លៃកម្រិតណា មិនខុសអ្វីពីសន្តិភាពឡើយ។ សន្តិភាព គឺមានតម្លៃបំផុតនៅពេលដែលបាត់បង់ទៅ។
ខណៈដែលយើងត្រូវរួមគ្នាដើម្បីបង្កើតឱកាស បង្កើតឱកាសឱ្យប្រជាពលរដ្ឋយើង បានផលពីសន្តិភាព រស់នៅក្នុងសន្តិភាព ថែរក្សាឱ្យបាន រស់នៅក្នុងសន្តិសុខសុវត្ថិភាព រស់ដោយមានភាពជឿជាក់ សាលារៀនមាន រៀនចប់យើងមានអនាគតមួយ ដោយមិនដឹងថាត្រូវចាប់ចូលទាហានវាយគ្នាទៀតនោះទេ។ នេះគឺជាសាររបស់សម្ដេចនាយករដ្ឋមន្រ្តី ទៅកាន់យុវជនជំនាន់ក្រោយ ក៏ដូចជាពលរដ្ឋកម្ពុជាទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង