ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរក្រុងមូស្គូថា៖រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia គឺជារោងចក្ររបស់រុស្ស៉ី

52

មូស្គូ៖ក្រសួងការបរទេសរុស្ស៉ី កាលពីថ្ងៃអង្គារ ទី២៥ ខែមីនា បាននិយាយថារោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia គឺជារោងចក្រមួយរបស់រុស្ស៉ី ហើយថាការផ្ទេរការគ្រប់គ្រងរោងចក្រនេះ ទៅឱ្យអ៊ុយក្រែន ឬប្រទេសដទៃណាមួយជារឿងមិនអាចទៅរួច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៉ី បានក៏បានបញ្ជាក់ដែរថាការធ្វើប្រតិបត្តិការរួមគ្នាលើរោចចក្រ Zaporizhzhia ក៏ជារឿងមិនអាចទទួលយកបានដែរ ពីព្រោះថាវាមិនអាចទៅរួចទេ ក្នុងការធានាសុវត្ថិភាពនុយក្លេអ៊ែររបស់រោងចក្រនេះឱ្យបានត្រឹមត្រូវ។ តំបន់ Zaporizhzhia ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងមួយផ្នែកដោយកងទ័ពរុស្ស៉ី គឺជាតំបន់មួយក្នុងចំណោមតំបន់ទាំង៤ ដែល រុស្ស៉ីក្រសោបយកពីអ៊ុយក្រែន តាមរយៈការរៀបចំបោះឆ្នោតប្រជាមតិមួយ ៧ខែ ក្រោយចូលឈ្លានពានអ៊ុយក្រែន ហើយក្រឹត្យរបស់លោកប្រធានាធិបតី ពូទីន បានដាក់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ជាកម្មសិទ្ធិរបស់រុស្ស៉ី។ ប៉ុន្តែ បណ្ដាប្រទេសលោកខាងលិចបានថ្កោលទោសការបោះឆ្នោតប្រជាមតិរៀបចំដោយរុស្ស៉ីថាជារឿងដ៏អាម៉ាស។
គួរបញ្ជាក់ថា កងទ័ពរុស្ស៉ីបានដណ្ដើមគ្រប់គ្រងរោងចក្រ Zaporizhzhia នៅឆ្នាំដំបូងនៃការឈ្លានពានរបស់ខ្លួន ហើយចាប់តាំងពីពេលនោះមក រុស្ស៉ី និងអ៊ុយក្រែនតែងតែចោទប្រកាន់គ្នាទៅវិញទៅមក ពីការវាយប្រហារដែលគំរាមកំហែងដល់សុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែរដ៏ធំជាងគេបំផុតនៅអឺរ៉ុបមួយនេះដែលមានរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន៦។ បច្ចុប្បន្នទោះបីជារោងចក្រនេះមិនបានផលិតថាមពល អគ្គិសនីក៏ដោយ ក៏ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់ UN បានដាក់ក្រុមមន្ត្រីតាមដានរបស់ខ្លួនឱ្យឈរជើងនៅរោងចក្រនេះ។ អ៊ុយក្រែនបានទាមទារឱ្យរុស្ស៉ីប្រគល់រោងចក្រ Zaporizhzhia មកឱ្យ ខ្លួនវិញ និងបានទាត់ចោលការបោះឆ្នោតប្រជាមតិកាត់យកទឹកដីអ៊ុយក្រែនរៀបចំឡើងដោយរុស្ស៉ីកាលពីឆ្នាំ២០២២ ដោយចាត់ទុកថាជាទង្វើខុសច្បាប់។
លោក ដូណាល់ ត្រាំវិញ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ហ្សេលេនស្គី ក្នុងខែមីនានេះ បានលើកឡើងពីគំនិតចង់ឱ្យសហរដ្ឋអាមេរិកគ្រប់គ្រងរោងចក្រ Zaporizhzhia។ តែលោក ហ្សេលេនស្គី បាននិយាយថារោងចក្រនេះជាកម្មសិទ្ធិរបស់ប្រជាជនអ៊ុយក្រែន ហើយថារូបលោក និងលោក ត្រាំ បានពិភាក្សាពីលទ្ធភាពនៃការវិនិយោគរបស់អាមេរិកលើរោងចក្រមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង