ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹទ្ធសភា និងរដ្ឋសភា គ្រោងរៀបចំសមាជរួមគ្នានៅខែមិថុនាខាងមុខ លើប្រធានបទ៣សំខាន់ៗ

46

ភ្នំពេញ៖ព្រឹទ្ធសភា និងរដ្ឋសភា គ្រោងរៀបចំសមាជរួមគ្នានៅសប្ដាហ៍ទី១ នៃខែមិថុនា ឆ្នាំ២០២៥ខាងមុខ ដោយផ្ដោតលើប្រធានបទ ៣សំខាន់ៗ។ នេះបើយោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា។
ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាន នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ លោក ជា ធីរិទ្ធ បានបញ្ជាក់ថា ប្រធានបទ៣សំខាន់ៗ ក្នុងការពិភាក្សាអង្គសមាជនោះ រួមមាន៖ ទី១. វិស័យកសិកម្ម ទី២. វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងទី៣. ប្រព័ន្ធគាំពារសង្គម។
អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងយ៉ាងដូច្នេះថា «អីចឹងប្រធានបទទាំង៣ នឹងក្លាយជាប្រធានបទដ៏សំខាន់ក្នុងអង្គសមាជខាងមុខ ហើយខ្ញុំសុំបញ្ជាក់ថា ចំពោះសមាជរដ្ឋសភា និងព្រឹទ្ធសភានេះ គឺធ្វើឡើងទៅតាមរដ្ឋធម្មនុញ្ញកម្ពុជារបស់យើងដែលមានចែង ក្នុងមាត្រា១១៦ថ្មី និង១១៧ថ្មី ហើយក៏មានកំណត់យ៉ាងច្បាស់នៅក្នុងច្បាប់ស្ដីអំពី ការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភា ព្រឹទ្ធសភា ដែលបានអនុម័តកាលពីឆ្នាំ២០១០ដែរ»។
បើតាមការលើកឡើងរបស់ លោក ជា ធីរិទ្ធ, នៅក្នុងមាត្រា២ គឺបានបញ្ជាក់យ៉ាងច្បាស់ថា សមាជរដ្ឋសភា និងព្រឹទ្ធសភា គឺជាការប្រជុំរួមគ្នានៃសមាជិករដ្ឋសភា និងព្រឹទ្ធសភា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិក្នុងករណីចាំបាច់។ ដូច្នេះគម្រោងនៃការកំណត់ខ្លឹមសាររបស់អង្គសមាជនេះ ក៏ស្របទៅនឹងប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា លើកឡើងថា សមាជរបស់រដ្ឋសភា-ព្រឹទ្ធសភា ដើម្បីប្រមូលធាតុផ្សំក្នុងការចូលរួមចំណែក ដោះស្រាយបញ្ហាប្រឈមនានារបស់ប្រទេសជាតិ។
លោក ជា ធីរិទ្ធ គូសបញ្ជាក់ថា នៅក្នុងរដ្ឋធម្មនុញ្ញ និងនៅក្នុងច្បាប់ស្ដីពី ការរៀបចំនិងប្រព្រឹត្តទៅនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា ក្នុងមាត្រា៤ បានកំណត់ថា ប្រធានព្រឹទ្ធសភាគឺជាប្រធាននៃអង្គសមាជ៕

អត្ថបទដែលជាប់ទាក់ទង