រដ្ឋាភិបាលថ្មី Greenland អំពាវនាវរកសាមគ្គីភាពផ្ទៃក្នុង មុនការមកដល់របស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក
ហ្គ្រីនឡែន៖រដ្ឋាភិបាលថ្មីរបស់ហ្គ្រីនឡែន (Greenland) បានអំពាវនាវឱ្យមានការរួបរួមសាមគ្គីភាពផ្ទៃក្នុង ខណៈដែលអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance គ្រោងនឹងមកដល់ទឹកដីនេះនៅថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ដំណើរទស្សនកិច្ចនេះធ្វើឡើង ចំពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ បានរំលេចជាថ្មីនូវបំណងចង់ឱ្យសហរដ្ឋអាមេរិកគ្រប់គ្រង លើដែនដីពាក់កណ្តាលស្វយ័តរបស់ដាណឺម៉ាកមួយនេះ។
ដំណើរទស្សនកិច្ចរបស់លោក Vance ទៅកាន់មូលដ្ឋានយោធាអាមេរិក Pituffik នៅភាគខាងជើងនៃកោះអាក់ទិកនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយការប្រកាសបង្កើតរដ្ឋាភិបាលចម្រុះថ្មីនៅហ្គ្រីនឡែន ដែលមានគោលបំណងរក្សាទំនាក់ទំនងល្អជាមួយដាណឺម៉ាក។ នាយករដ្ឋមន្ត្រីថ្មីនៃហ្គ្រីនឡែននបានចាត់ទុកដំណើរទស្សនកិច្ចរបស់អាមេរិកថាជា «ទង្វើខ្វះការគោរព» និងបានជំរុញឱ្យមានសាមគ្គីភាពដើម្បីប្រឈមមុខនឹង «សម្ពាធពីខាងក្រៅ»។
គណៈប្រតិភូអាមេរិក ដែលរួមមានភរិយារបស់លោក Vance ទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz និងលេខាធិការថាមពល Chris Wright គ្រោងនឹងចុះចតនៅរសៀលថ្ងៃសុក្រ (ពេលវេលាក្នុងតំបន់)។ ដំណើរទស្សនកិច្ចនេះផ្តោតលើមូលដ្ឋានយោធាអាមេរិក ដោយមិនមានការជួបជាមួយសាធារណជនឡើយ បន្ទាប់ពីមានការតវ៉ា និងការខឹងសម្បារពីអាជ្ញាធរហ្គ្រីនឡែន និងដាណឺម៉ាក។
គួរបញ្ជាក់ថា ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឆ្នាំ ១៩៥១ សហរដ្ឋអាមេរិកមានសិទ្ធិចូលមើលមូលដ្ឋានរបស់ខ្លួនបានគ្រប់ពេល ដោយគ្រាន់តែជូនដំណឹងដល់ហ្គ្រីនឡែន និងទីក្រុង Copenhagen ប៉ុណ្ណោះ។ មូលដ្ឋានទ័ព Pituffik មានទីតាំងយុទ្ធសាស្ត្រសំខាន់សម្រាប់ប្រព័ន្ធព្រមានមីស៊ីលផ្លោងរបស់សហរដ្ឋអាមេរិក។ លោក ត្រាំ ថ្មីៗនេះបានរំលឹកពីបំណងចង់ទិញហ្គ្រីនឡែន ដោយលើកឡើងពីសារៈសំខាន់ខាងសន្តិសុខជាតិ និងអន្តរជាតិ ក៏ដូចជាធនធានធម្មជាតិដ៏សំបូរបែបរបស់កោះនេះ៕