អាមេរិក ចោទដាណឺម៉ាកថា មិនបានការពារដែនដី Greenland ឱ្យមានសុវត្ថិភាពពីរុស្ស៉ីនិងចិន
ហ្រ្គីនលែន៖កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា អនុប្រធានាធិបតីអាមេរិក លោក JD Vance បានចោទប្រកាន់លើប្រទេសដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព ហើយបានអះអាងថា សហរដ្ឋអាមេរិក នឹងធ្វើបានល្អជាង ក្នុងការការពារតំបន់ពាក់កណ្តាលស្វយ័តរបស់ដាណឺម៉ាកមួយនេះ ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់គ្រប់គ្រងកាន់កាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
អំឡុងទស្សនកិច្ចមកកាន់មូលដ្ឋានយោធាអាមេរិកមួយកន្លែង នៅភាគខាងជើងកោះ Greenland លោកប្រធានាធិបតីអាមេរិក បាននិយាយដូច្នេះថា «ដាណឺម៉ាកមិនបានប្តេជ្ញាវិនិយោគធនធានចាំបាច់ ដើម្បីរក្សាមូលដ្ឋាននេះ ដើម្បីរក្សាកងទ័ពរបស់យើង ហើយបើតាមទស្សនៈខ្ញុំ គឺដើម្បីការពារប្រជាជននៅ Greenland ឱ្យមានសុវត្ថិភាពពីការបំពានរបស់រុស្ស៉ីនិងចិន ព្រមទាំងប្រទេសដទៃៗទៀត»។ បើតាមលោក Vance សហរដ្ឋអាមេរិក នឹងវិនិយោគធនធានបន្ថែម រួមមានទាំងទៅលើ នាវាយោធា និងនាវាបំបែកទឹកកក ដើម្បីបង្កើនវត្តមានឱ្យធំជាងមុន នៅ Greenland ខណៈចិននិងរុស្ស៉ី កំពុងមានចំណាប់អារម្មណ៍ជាពិសេស លើច្រកផ្លូវទឹកនិងធនធានរ៉ែនៅទីនេះ។
លោក Vance បានសន្យាថា អាមេរិកនឹងផ្តល់ការគោរពចំពោះអធិបតេយ្យរបស់ Greenland ប៉ុន្តែក៏បានអះអាងដែរថា ដែនដីនេះនៅទីបំផុតនឹងមើលឃើញ អត្ថប្រយោជន៍ក្នុងការធ្វើជាដៃគូជាមួយអាមេរិក។ លោក Vance បាននិយាយថា ដែនដីនេះ មុខជានឹងព្រមចាប់ដៃគូជាមួយអាមេរិក ហើយអាមេរិកអាចធ្វើឱ្យពួកគេមានសុវត្ថិភាពជាងមុន ព្រោះអាមេរិកមានសមត្ថភាពផ្តល់មធ្យោបាយការពារបានច្រើន មិនតែប៉ុណ្ណោះបើតាមការយល់ឃើញរបស់លោក Greenland ក៏នឹងមានសេដ្ឋកិច្ចកាន់តែល្អប្រសើរផងដែរ។
គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីថ្មីរបស់ Greenland លោក Jens-Frederik Nielsen បាននិយាយថា ទស្សនកិច្ចរបស់លោក JD Vance បង្ហាញឱ្យឃើញពីកង្វះការគោរព ខណៈមេដឹកនាំដាណឺម៉ាក បានបង្ហាញការប្តេជ្ញាចំពោះដែនដីនេះ។ ចាប់តាំងតែពី ឡើងកាន់អំណាចសាជាថ្មី លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក មានភាពចាំបាច់ផ្នែកសន្តិសុខ ដើម្បីគ្រប់គ្រង Greenland ដែលស្ថិតក្រោមការកាន់កាប់របស់ដាណឺម៉ាក តាំងពីឆ្នាំ១៧២១មក។ នៅក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៥១ អាមេរិកមានសិទ្ធិធ្វើទស្សនកិច្ចមកកាន់មូលដ្ឋានយោធាខាងលើ ដរាបណាជូនដំណឹងដល់ Greenland និងដាណឺម៉ាក៕