ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់កើនដល់១០០២នាក់ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ានិងមានរបួស២៣៧៦នាក់

49

ណៃពិដោ៖ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ា បានរាយការណ៍ថា ចំនួនអ្នកស្លាប់បន្តកើនឡើងដល់១០០២នាក់ហើយ ព្រមទាំងរបួស២៣៧៦នាក់ នៅក្នុងប្រទេសអាស៊ានមួយនេះ ក្រោយការវាយប្រហារនៃគ្រោះរញ្ជួយដី កាលពីថ្ងៃសុក្រ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN។
គួរបញ្ជាក់ថា៖រដ្ឋាភិបាលមីយ៉ាន់ម៉ាបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំងកម្រិត ៧,៧ រ៉ិចទ័រ ដែលបានវាយប្រហារកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីរសៀលថ្ងៃសុក្រនេះ បានកើនឡើងដល់ ១៤៤ នាក់ និង ៧៣២ នាក់រងរបួស។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
គ្រោះរញ្ជួយដីដែលការិយាល័យអង្កេតភូគព្ភសាស្ត្រសហរដ្ឋអាមេរិកបានឱ្យដឹងថា មានចំណុចកណ្តាលស្ថិតនៅភាគពាយព្យចម្ងាយ ១៦ គីឡូម៉ែត្រពីទីក្រុងសេកាញ៉ាំង (Sagaing) ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា បានវាយប្រហារនៅវេលាម៉ោងប្រហែល ១២:៥០ នាទីរសៀលម៉ោងក្នុងស្រុក។ ការរញ្ជួយដីនេះបានធ្វើឱ្យរដ្ឋធានីណៃពិដោ និងតំបន់មណ្ឌលគីរីរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយអាគារជាច្រើន រួមទាំងផ្ទះសម្បែង មន្ទីរពេទ្យ និងសាលារៀនបានបាក់បែក។ ទន្ទឹមគ្នានោះ ក៏មានសេចក្តីរាយការណ៍គួរឱ្យព្រួយបារម្ភថា អគារសាលារៀនមួយចំនួនបានដួលរលំ ដោយបន្សល់ទុកសិស្សានុសិស្សជាច្រើននាក់នៅក្រោមគំនរថ្មផងដែរ។
អាជ្ញាធរក្នុងតំបន់បានព្រមានថា ចំនួនអ្នកស្លាប់ និងបាត់ខ្លួនអាចនឹងកើនឡើងបន្ថែមទៀត ខណៈក្រុមការងារសង្គ្រោះកំពុងមមាញឹកក្នុងការប្រមូលទិន្នន័យ ស្តីពីផលប៉ះពាល់សរុបនៃការរញ្ជួយដី។ ហេតុការណ៍រញ្ជួយផែនដីនេះ ក៏បានបន្លឺសំឡេងរំញ័រទៅដល់ប្រទេសជិតខាងផងដែរ ជាពិសេសប្រទេសថៃ ដែលមានរបាយការណ៍អំពីការខូចខាតអគារមួយចំនួននៅទីក្រុងបាងកក។
ប្រធានក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ Min Aung Hlaing បានគូសបញ្ជាក់ថា ចំនួនអ្នកស្លាប់រួមមាន ៩៦ នាក់នៅរដ្ឋធានីណៃពិដោ ១៨ នាក់នៅសេកាញ៉ាំង (Sagaing) និង ៣០ នាក់នៅចោកសេ (Kyaukse)។ របាយការណ៍បានបន្ថែមថា អ្នករងរបួសមាន ៤៣២ នាក់នៅណៃពិដោ និង ៣០០ នាក់នៅសេកាញ៉ាំង៕

អត្ថបទដែលជាប់ទាក់ទង