សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូននាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង សម្តែងការសោកស្តាយចំពោះគ្រោះមហន្តរាយរញ្ជួយដី
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា កម្ពុជា បានសម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ នៃគ្រោះ រញ្ជួយដី។
ក្នុងសារលិខិតជូននាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចបែបនេះ «ខ្ញុំមាន សេច ក្ដីក្រៀមក្រំក្រៃលែង បន្ទាប់ពីបានទទួលដំណឹងអំពីការបំផ្លិចបំផ្លាញ រួមទាំងការ បាត់បង់អាយុជីវិត ការរងរបួស ការខូចខាតទ្រព្យសម្បត្តិ យ៉ាង ធ្ងន់ធ្ងរ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ និងការជម្លៀសគ្រួសារជាច្រើន ដែលបណ្ដាលមកពីមហន្តរាយគ្រោះរញ្ជួយដី ប៉ះពាល់ដល់តំបន់ម៉ាន់ដាឡេ នៃសាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា»។
ក្នុងពេលវេលាដ៏លំបាកនេះ ក្នុងនាមប្រជាជនកម្ពុជា, សម្តេចតេជោ ហ៊ុន សែន សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងក្តីអាណិតអាសូរដោយ ស្មោះអស់ ពីដួងចិត្តចំពោះនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង និងគ្រួសារ និងសហគមន៍ រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការ បាត់បង់ទាំងនេះ។
សម្តេចតេជោ សូមឧទ្ទិសឱ្យដួងវិញ្ញាណក្ខន្ធអ្នកបាត់បង់ជីវិត បានទៅកាន់ សុគតិភព និងសូមជូនពរអ្នករងរបួស និងរងគ្រោះដោយគ្រោះមហន្ត រាយ ដ៏អាក្រក់នេះ ឆាប់ជាសះស្បើយឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ ប្រទេសមីយ៉ាន់ម៉ា បានជួបគ្រោះរញ្ជួយដីកម្រិត ៧.៧រិចទ័រ បណ្តាលឱ្យសំណង់អគារ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានដួលរលំ និងបាក់បែក។ ប្រជាពលរដ្ឋជាង១ពាន់នាក់ហើយ ត្រូវបានរាយការណ៍ថា ស្លាប់បាត់បង់ជីវិត និងរាប់ពាន់នាក់ទៀតរងរបួស៕