ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូននាយករដ្ឋមន្ត្រីថៃ សម្តែងការសោកស្តាយចំពោះគ្រោះមហន្តរាយរញ្ជួយដី

65


ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា កម្ពុជា បានសម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ នៃគ្រោះ រញ្ជួយដី។
ក្នុងសារលិខិតជូនលោកស្រី ផែថនថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចបែបនេះ «ខ្ញុំ មានសេចក្ដីក្រៀមក្រំក្រៃលែង ដោយបាន ទទួល ដំណឹងសោកនាដកម្មនៃការបំផ្លិចបំផ្លាញយ៉ាងច្រើន រួមទាំងការបាត់បង់ អាយុ ជីវិតមនុស្ស ការរងរបួស ការខូចខាត ឬការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ បង្ក ដោយគ្រោះរញ្ជួយដីធ្ងន់ធ្ងរ នៅរាជធានីបាងកក កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ»។
តាងនាមឱ្យប្រជាជនកម្ពុជាទាំងមូល សម្តេចតេជោ ហ៊ុន សែន បានបានចូលរួម រំលែកនូវសមានទុក្ខដ៏ក្រៀមកំ ជាមួយលោកស្រីនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារជនរងគ្រោះ រាជរដ្ឋាភិបាល និងប្រជាជនថៃទាំងអស់ ចំពោះការបាត់បង់ទាំងនេះ។
ក្នុងសារលិខិតនេះ សម្តេចតេជោ ក៏បានបួងសួងសូមវិញ្ញាណក្ខន្ធអ្នក ស្លាប់ បានទៅកាន់សុគតិភព និងប្រជាជនរងរបួសឆាប់បានជាសះស្បើយ។
តាមរយៈការដឹកនាំរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃ និងភាពធន់របស់ប្រជាជនថៃ, សម្តេចតេជោ ហ៊ុន សែន បង្ហាញជំនឿយ៉ាងមុតមាំថា ព្រះរាជាណាចក្រថៃ នឹងត្រូវបានស្ដារឡើង វិញទាំងស្រុង ពីគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់នេះ ក្នុងពេលដ៏ខ្លីខាងមុខនេះ ជាក់ជាមិនខាន។
សូមបញ្ជាក់ថា ការរញ្ជួយដីកម្រិត៧.៧រិចទ័រ ពីប្រទេសមីយ៉ាន់ម៉ា បានបង្កឱ្យក្រុងបាងកក ប្រទេសថៃ រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។ អគារកំពុងសាងសង់មួយកន្លែង បានបាក់រលំសង្កត់លើកម្មករក្នុងការដ្ឋានជាច្រើននាក់។ មកដល់ពេលនេះក្រុមជួយសង្គ្រោះកំពុងប្រតិបត្តិការរុករងជនរងគ្រោះក្រោមគំនរអគារយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត៕

អត្ថបទដែលជាប់ទាក់ទង