ចិនប្រកាសផ្តល់ជំនួយ១៣.៨លានដុល្លារ ខណៈកូរ៉េខាងត្បូងនឹងផ្តល់២លានដុល្លារ ដើម្បីជួយមីយ៉ាន់ម៉ា ឆ្លើយតបមហន្តរាយរញ្ជួយដី
ក្រុងប៉េកាំង៖នៅថ្ងៃសៅរ៍ ទី២៩ ខែមីនា ស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ា បានប្រកាសថា ប្រទេសចិននឹងជួយផ្តល់ឱ្យមីយ៉ាន់ម៉ា នូវជំនួយគិតជាទឹកប្រាក់ចំនួន១០០លានយាន់ ឬស្មើនឹង១៣.៧៧លានដុល្លារអាមេរិក បន្ទាប់ពីប្រទេសអាស៊ានមួយនេះ បានរងគ្រោះធ្ងន់ធ្ងរខ្លាំង ដោយសារគ្រោះមហន្តរាយរញ្ជួយផែនដី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន France24។
យោងតាមសេចក្តីប្រកាសនៅលើ Facebook របស់ស្ថានទូតចិន ជំនួយខាងលើ នឹងរួមមានដូចជា តង់ស្នាក់នៅ ភួយ ឈុតបរិក្ខារសង្រ្គោះបឋម ទឹក ស្បៀងអាហារ និងសម្ភារចាំបាច់ផ្សេងៗទៀត ហើយជំនួយដំបូង នឹងទៅដល់នៅថ្ងៃទី៣១ ខែមីនា។ នៅថ្ងៃសៅរ៍នេះ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានផ្ញើសារចូលរួមរំលែកទុក្ខជាមួយមីយ៉ាន់ម៉ា ហើយក្រុមសង្រ្គោះចិនមានសមាជិក៨២នាក់ ក៏បានទៅដល់មីយ៉ាន់ម៉ាផ្ទាល់ផងដែរ ដើម្បីជួយគាំទ្រប្រតិបត្តិការសង្រ្គោះ។
ចំណែក កូរ៉េខាងត្បូងក៏បានប្រកាសផងដែរថា នឹងផ្តល់ជំនួយមនុស្សធម៌២លានដុល្លារ ក្នុងដំណាក់កាលដំបូង តាមរយៈអង្គការអន្តរជាតិ ដើម្បីជួយមីយ៉ាន់ម៉ា ឆ្លើយតបគ្រោះរញ្ជួយដី ដែលបានវាយប្រហារកាលពីថ្ងៃសុក្រសប្តាហ៍នេះ។
គួរបញ្ជាក់ថា បើតាមតួលេខចុងក្រោយបំផុត មីយ៉ាន់ម៉ា មានមនុស្សស្លាប់១០០២នាក់ និងរបួស២៣៧៦នាក់ ប៉ុន្តែតួលេខទាំងនេះ ត្រូវគេរំពឹងថា នឹងនៅបន្តកើនឡើងខ្ពស់ថែមទៀត បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៧រ៉ិចទ័រ បានវាយប្រហារភាគកណ្តាលប្រទេស ហើយជះឥទ្ធិពលរង្គើដល់ប្រទេសជិតខាង រួមមានចិននិងថៃ៕