អាជ្ញាធរខណ្ឌច្បារអំពៅ ចាត់វិធានការទៅលើអាជីវករដែលលក់ដូរលើផ្លូវ និងចិញ្ចើមផ្លូវលេខ៣៦៩ មិនស្តាប់តាមការណែនាំរបស់រដ្ឋបាលខណ្ឌ
ភ្នំពេញ៖ ដើម្បីរក្សាបាននៅសណ្តាប់ធ្នាប់សាធារណៈល្អ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ និងមានវិធានការ ចំពោះអាជីវករមួយចំនួន ដែលលក់ដូរលើផ្លូវ និងចិញ្ចើមផ្លូវលេខ៣៦៩ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
លោកអភិបាលរងខណ្ឌច្បារអំពៅបានឱ្យដឹងថា កន្លងមករដ្ឋបាលខណ្ឌតែងតែចុះណែនាំ និងចែកលិខិតជូនដំណឹងលេខ ០៦៥/២៥ សជណ.ចអព ដល់អាជីករ ក្នុងន័យមិនអនុញ្ញាតឱ្យដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗលើផ្លូវនិងចិញ្ចើមផ្លូវសាធារណៈ។ក្រោយពីទទួលបានការណែនាំនិងលិខិតជូនដំណឹងរួចហើយ ឃើញថាអាជីវករភាគច្រើនគោរពនិងអនុវត្តតាមការណែនាំ ជាមួយគ្នានេះក៏នៅមានអាជីវករមួួយចំនួនតូចប៉ុណ្ណោះ ដែលនៅតែបំពានដោយដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដែលបង្កឱ្យបាត់សោភ័ណភាពនិងបង្កការកកស្ទះចរាចរណ៍។
ក្នុងនាមលោកអភិបាលខណ្ឌ និងក្នុងនាមអាជ្ញាធរមូលដ្ឋាន សូមអំពាវនាវដល់អាជីករទាំងអស់ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ សូមកុំដាក់តាំងលក់ទំនិញ ឬសម្ភារផ្សេងៗលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដើម្បីលទ្ធភាពយានយន្តគ្រប់ប្រភេទធ្វើចរាចរ និងសម្រាប់ថ្មើរជើងរបស់បងប្អូនប្រជាពលរដ្ឋយើង៕