ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគារមួយចំនួននៅទីក្រុងបាងកក រំញ័រ និងស្នាមប្រេះ ជម្លៀសមនុស្សចេញ

45

បាងកក៖នាព្រឹកថ្ងៃចន្ទនេះ អគារមួយចំនួននៅរាជធានីបាងកកនៃប្រទេសថៃ ភាគច្រើនគឺអគាររដ្ឋាភិបាល ត្រូវបានជម្លៀសមនុស្សចេញ ខណៈមានការរាយការណ៍អំពីរំញ័រ រួមជាមួយស្នាមប្រេះលេចឡើង នៅតាមអគារទាំងនោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post នាថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥។
សកម្មភាពជម្លៀសមនុស្សខាងលើ បានកើតឡើងកាលពីវេលាម៉ោងខ្ទង់១០ព្រឹក ហើយក្នុងចំណោមកន្លែងដែលប៉ះពាល់ រួមមានទាំង ទីតាំងអគាររដ្ឋាភិបាលនៅលើផ្លូវ Chaeng Watthana, ក្រសួងការងារនៅសង្កាត់ Ding Daeng និងអគារតុលាការនៅផ្លូវ Ratchadaphisek។ នៅឯអគាររដ្ឋាភិបាលផ្លូវ Chaeng Watthana និងក្រសួងការងារ មានការរាយការណ៍អំពីរំញ័រ និង ស្នាមប្រេះ។ ទន្ទឹមគ្នានេះ ក៏មានការជម្លៀសមនុស្សដូចគ្នាដែរ ចេញពីទីស្នាក់ការកណ្តាលនៃធនាគាររដ្ឋ GH ក្នុងសង្កាត់ Huai Khwang, តុលាការព្រហ្មទណ្ឌ នៅផ្លូវ Ratchadaphisek និងការិយាល័យសន្តិសុខសង្គម នៅសង្កាត់ Ding Daeng។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ប្រទេសថៃ បានទទួលរងឥទ្ធិពលខ្លាំងគួរសម នៃគ្រោះរញ្ជួយនៅកម្រិត៧.៧រ៉ិចទ័រ នៅឯប្រទេសមីយ៉ាន់ម៉ា។ នៅទីក្រុងបាងកក អគារមួយខ្នងកម្ពស់៣០ជាន់ ដែលកំពុងសាងសង់ សម្រាប់បម្រើជាការិយាល័យសវនកម្មរបស់រដ្ឋាភិបាល បានដួលរលំ នៅសង្កាត់ Chatuchak ហើយផ្តាច់ជីវិត កម្មករយ៉ាងហោច១០នាក់ ខណៈប្រហែល៨០នាក់ទៀត នៅបន្តបាត់ខ្លួន។ ក្រៅពីនេះ ក៏មានមនុស្ស៧នាក់ទៀត បាត់បង់ជីវិត នៅកន្លែងផ្សេងទៀត ក្នុងទីក្រុងបាងកកផងដែរ ភាគច្រើននៅតាមការដ្ឋានសាងសង់។ ក្រោយរញ្ជួយដីនោះ មានសេចក្តីរាយការណ៍ សរុបចំនួន២០០០ករណី ទាក់ទងនឹងស្ថានភាពខូចខាតតាមអគារ និងហេដ្ឋារចនាសម្ព័ន្ធ នៅបាងកក៕

អត្ថបទដែលជាប់ទាក់ទង