ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ដូណាល់ ត្រាំ អះអាងថា៖លោកចង់កាន់អំណាចលើស២អាណត្តិ ‘លោក Roosevelt បានកាន់អំណាចរហូតដល់អាណត្តិទី៤ ទៀតផង

41

វ៉ាស៉ីនតោន៖កាលពីថ្ងៃអាទិត្យ ទី៣០ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកមិនបានលេងសើចនោះទេ អំពីរឿងចង់កាន់អំណាច សម្រាប់អាណត្តិបន្ទាប់ទៀត ប៉ុន្តែលោកបានបញ្ជាក់ថា វាហាក់ដូចជាឆាប់ពេក ដែលគិតអំពីការធ្វើដូច្នោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក ត្រាំ បានឡើងកាន់អំណាចជាប្រធានាធិបតីអាមេរិក សម្រាប់អាណត្តិទី២ កាលពីថ្ងៃទី២០ ខែមករា ដែលជាអាណត្តិមិនជាប់គ្នា ទៅនឹងអាណត្តិទី១។ លោក ត្រាំ បានធ្វើជាប្រធានាធិបតីអាមេរិក អាណត្តិដំបូង ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។ លោកបានរបូតតំណែងប្រធានាធិបតី ក្រោយចាញ់លោក ចូ បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០២០។
អំឡុងកិច្ចសម្ភាសមួយជាមួយ NBC News ពាក់ព័ន្ធសំណួរជុំវិញរឿងអាណត្តិទី៣ ដែលរូបលោកធ្លាប់ព្រលយឡើងកន្លងមក លោក ត្រាំ បាននិយាយដូច្នេះថា «ទេ ខ្ញុំមិននិយាយលេងនោះទេ ខ្ញុំមិនលលេងឡើយ ប៉ុន្តែហាក់ដូចជាឆាប់ពេក ក្នុងការគិតអំពីវា។ មានមធ្យោបាយដែលអ្នកអាចធ្វើបែបនោះបាន ដូចដែលគ្រប់គ្នាបានដឹង»។
យោងតាមវិសោធនកម្មទី២២ នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ប្រធានាធិបតី ត្រូវបានកំណត់ឱ្យកាន់អំណាច បានត្រឹម២អាណត្តិប៉ុណ្ណោះ ដោយក្នុង១អាណត្តិមានរយៈពេល៤ឆ្នាំ ហើយមិនខ្វល់ថាតើ ជា២អាណត្តិជាប់គ្នា ឬដាច់ពីគ្នានោះឡើយ។ សំណើចង់កែប្រែវិសោធនកម្មរដ្ឋធម្មនុញ្ញ ទាមទារឱ្យមានសំឡេងគាំទ្រ២ភាគ៣ នៅសភាទាំង២របស់អាមេរិក រួមជាមួយការផ្តល់សច្ចាប័នពីសភា នៃ៣ភាគ៤ ក្នុងចំណោមរដ្ឋទាំង៥០ របស់សហរដ្ឋអាមេរិក។ សព្វថ្ងៃលោក ត្រាំ មានអាយុ៧៨ឆ្នាំហើយ និងទម្រាំចប់អាណត្តិទី២នេះ គឺលោកនឹងមានអាយុ៨២ឆ្នាំ។
គួរបញ្ជាក់ថា លោក George Washington កាលពីឆ្នាំ១៧៩៦ គឺជាអ្នកផ្តើមប្រពៃណីនៃការកាន់តំណែងប្រធានាធិបតីអាមេរិក ត្រឹម២អាណត្តិ ហើយប្រពៃណីកំណត់ដោយខ្លួនឯងនោះ ត្រូវបានអនុវត្តដោយប្រធានាធិបតីអាមេរិកភាគច្រើន ក្រោយៗមកទៀត សម្រាប់រយៈពេលជាង ១៤០ឆ្នាំ រហូតទាល់តែដល់ជំនាន់ លោក Franklin D Roosevelt នៅឆ្នាំ១៩៤០។ លោក Roosevelt ដែលជាប្រធានាធិបតី អំឡុងវិបត្តិសេដ្ឋកិច្ច Great Depression និងសង្រ្គាមលោកលើកទី២ បានប្រាសចាកពីប្រពៃណីខាងលើ ហើយកាន់តំណែងដល់៣អាណត្តិ។ មិនតែប៉ុណ្ណោះ លោក Roosevelt ក៏បានបន្តអំណាចរហូតដល់អាណត្តិទី៤ ថែមទៀតផង ប៉ុន្តែលោកបានទទួលមរណភាព ក្រោយចូលអាណត្តិទី៤ បានត្រឹមប៉ុន្មានខែ ក្នុងឆ្នាំ១៩៤៥។ ប្រការនេះ ក៏បានត្រួសត្រាយផ្លូវ សម្រាប់ការធ្វើវិសោធនកម្ម លើការកំណត់អាណត្តិប្រធានាធិបតីអាមេរិក នៅឆ្នាំ១៩៥១៕

អត្ថបទដែលជាប់ទាក់ទង