យោធាចិនចាប់ផ្ដើមធ្វើសមយុទ្ធយោធាជុំវិញតៃវ៉ាន់ ហៅមេដឹកនាំដែនកោះនេះជាបារ៉ាសិត
ប៉េកាំង៖យោធាចិន នៅថ្ងៃអង្គារ ទី១ ខែមេសា បាននិយាយថាខ្លួនបានចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់ ជាសារព្រមាន និងការកំញើញមួយទៅកាន់កងកម្លាំងទាមទារឯករាជ្យឱ្យតៃវ៉ាន់ ខណៈហៅមេដឹកនាំតៃវ៉ាន់ លោក Lai Ching-Te ថាជាប៉ារ៉ាសិត (parasite)។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ចិនដែលបានព្រមានជារឿយៗថានឹងប្រើប្រាស់កម្លាំងយោធាវាយយកតៃវ៉ាន់ ក្នុងករណីចាំបាច់ បាន និងកំពុងបង្កើនការដាក់សម្ពាធយោធា និងនយោបាយលើតៃវ៉ាន់កាន់តែខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទីបញ្ជាការភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន PLA បានគូសបញ្ជាក់ថា «សមយុទ្ធយោធានឹងផ្ដោតសំខាន់ លើការល្បាតត្រៀមលក្ខខណៈប្រយុទ្ធនៅសមុទ្រ និងតាមផ្លូវអាកាស ព្រមទាំងការវាយសង្រ្គប់ ការវាយប្រហារលើគោលដៅនៅសមុទ្រ និងលើដីគោក ក៏ដូចជាការបិទខ្ទប់តំបន់ និងផ្លូវសំខាន់ៗផងដែរ»។
ដោយឡែក នៅលើវីដេអូជីវចលនាមួយ ចិនបានហៅមេដឹកនាំតៃវ៉ាន់ លោក Lai Ching-Te ថាជាបារ៉ាសិតដែលកំពុងបំពុលតៃវ៉ាន់៕