ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្ក្រាន្តវត្តភ្នំចាប់ពីថ្ងៃទី១៤-១៦ ខែមេសា,ផ្លូវថ្មើរជើងមាត់ទន្លេចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៥ សូមបងប្អូនមកចូលរួមទស្សនាកម្សាន្តសប្បាយទាំងអស់គ្នា

33


​ ភ្នំពេញ​៖​ យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​បានឱ្យ​ដឹង​ថា​ ដើម្បីចូលរួម អបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ និង ញ៉ាំងឱ្យពិធីបុណ្យប្រព្រឹត្តទៅដោយអធិកអធម រក្សាបាននូវទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ ព្រមទាំងផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់កិត្យានុភាពជាតិ ក៏ដូចជាទាក់ទាញ ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកចូលរួមកម្សាន្តសប្បាយនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ” រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ២០:០០នាទីយប់ អមដោយការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្មវិធី កម្សាន្តសប្បាយជាច្រើន ដូចជា ពិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈរបាំប្រពៃណី លេងល្បែងប្រជាប្រិយជាតិ ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត ការតាំងបង្ហាញម្កុដអប្សរា-ពិណខ្នាតធំ និង ការតាំងបង្ហាញផលិតផលខ្មែរ។
ជាមួយគ្នានេះ ដើម្បីផ្តល់ភាពសប្បាយរីករាយបន្ថែមទៀត និងជាការថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមសាទរគាំទ្រដំណើរការផ្លូវថ្មើរជើង (Walk Street) រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកដំណើរការ ផ្លូវថ្មើរជើង (Walk Street) រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៥ តាមបណ្តោយតីរវិថី ព្រះស៊ីសុវត្ថិ ចាប់ពីមុខព្រះបរមរាជវាំង រហូតដល់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។
ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន សូមអញ្ជើញ មកចូលរួមទស្សនាកម្សាន្តសប្បាយនៅសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street) ឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជំ។
​ ដើម្បីឱ្យការរៀបចំកម្មវិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈល្អប្រសើរ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍នៅជុំវិញទីតាំងរៀបចំកម្មវិធី អាជ្ញាធរមានសមត្ថកិច្ច នឹងរៀបចំចំណតយានយន្តសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកចូលរួមកម្សាន្តនៅ សង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street) ហើយសូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលពុំមានការចាំបាច់ សូមធ្វើការពង្វាងការធ្វើដំណើរឆ្លងកាត់បរិវេណទីតាំងខាងលើ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់អធ្យាស្រ័យខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង