អភិបាលខេត្តកណ្តាលដឹកនាំកម្លាំងសមត្ថកិច្ចប្រើរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបាញ់ពន្លត់ភ្លើង ឆេះរោងចក្រផលិតស័ង្កសី និងសម្ភារជ័រ
កណ្តាល៖នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ មានហេតុការណ៍អគ្គិភ័យភ្លើងឆេះរោងចក្រផលិតស័ង្កសី និងសម្ភារជ័រ ព្រមទាំងផ្ទះប្រជាពលរដ្ឋ ស្ថិតនៅចំណុចភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល យ៉ាងសន្ធោសន្ធៅ។
ក្រោយទទួលព័ត៌មានភ្លាម, ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ បានចុះទៅជួយអន្តរាគមន៍ភ្លាម រហូតអាចគ្រប់គ្រងបានដោយប្រើប្រាស់រថយន្តពន្លត់អគ្គភ័យចំនួន៤៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១១៣ឡាន ប្រើប្រាស់កម្លាំងសរុបចំនួន៣៦៥នាក់។
សមត្ថកិច្ចបានបញ្ជាក់ថា សម្រាប់អគ្គិភ័យខាងលើនេះមិនបង្កឱ្យមានអ្នករងរបួសទេ។ ចំពោះករណីខាងលើនេះ បង្កឡើងដោយឆ្លងចរន្តអគ្គិសនីចេញពីឃ្លាំងផ្ទុកសម្ភារៈ ជ័រផ្លាស្ទីក របស់ម្ចាស់ឈ្មោះ Wang guowang អាយុ៥៥ឆ្នាំ ជនជាតិចិន។
សម្រាប់កិច្ចអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ៧១១ (ក្រុមពន្លត់អគ្គិភ័យ) កងពលតូចលេខ៧០ ក៏បានសហការជាមួយកម្លាំងពន្លត់អគ្គិភ័យបញ្ជាការដ្ឋានទ័ពពិសេស៩១១ , កម្លាំងពន្លត់អគ្គិភ័យស្នងការដ្ឋាននគបាលខេត្តកណ្តាល និងអាជ្ញាធរដែនដី រហូតអាចពន្លត់ចប់នៅវេលាម៉ោង១១៖៤៥នាទីថ្ងៃដដែល៕