ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈរដ្ឋមន្ត្រីកូរ៉េខាងត្បូង មានបំណងកំណត់យកថ្ងៃទី៣ ខែមិថុនា រៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី

20

សេអ៊ូល៖គណៈរដ្ឋមន្ត្រីរបស់កូរ៉េខាងត្បូងត្រូវបានរំពឹងថាអាចនឹងកំណត់យកថ្ងៃទី៣ ខែមិថុនា ជាកាលបរិច្ឆេទសម្រាប់ការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី បន្ទាប់ពីលោក Yoon Suk Yeol ត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែងកាលពីសប្ដាហ៍មុន ជុំវិញការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
Reuters ដោយផ្អែកលើសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap នៅថ្ងៃចន្ទ ទី៧ ខែមេសា បានឱ្យដឹងទៀតថាខណៈការសម្រេចចិត្តខាងលើមិនតម្រូវដោយច្បាប់ ក៏ពិតមែន តែគណៈរដ្ឋមន្ត្រីកូរ៉េខាងត្បូងនឹងធ្វើការសម្រេចចិត្តនៅឯកិច្ចប្រជុំមួយនៅថ្ងៃអង្គារសប្ដាហ៍នេះ ពីព្រោះចាំចាច់ត្រូវកំណត់យកថ្ងៃបោះឆ្នោតជាថ្ងៃឈប់សម្រាក។
លោក Yoon Suk Yeol ត្រូវបានតុលាការធម្មនុញ្ញកូរ៉េខាងត្បូងទម្លាក់ចេញពីតំណែងកាលពីថ្ងៃសុក្រ ទី៤ ខែមេសា ដោយសំអាងថារូបលោកបានបំពានលើច្បាប់រដ្ឋធម្មនុញ្ញតាមរយៈការប្រកាសដាក់ឱ្យ ប្រើច្បាប់អាជ្ញាសឹករយៈពេលខ្លី កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ ក្រោយការទម្លាក់លោក Yoon ចេញពីតំណែង កូរ៉េខាងត្បូងនឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្នុងពេល ៦០ថ្ងៃ ឬអាចនៅដើមខែមិថុនាខាងមុខ។
គួរបញ្ជាក់ថា បើតាមមន្ត្រីម្នាក់មកពីគណៈកម្មការរៀបចំការបោះឆ្នោតកូរ៉េខាងត្បូង កាលបរិច្ឆេទរៀបចំការបោះឆ្នោតដែលត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង មិនទាន់ត្រូវកំណត់ យកជាផ្លូវការនៅឡើយទេ ហើយក៏មិនអាចក្លាយជាផ្លូវការនោះដែរ រហូតទាល់តែមានការប្រកាសទទួលស្គាល់ដោយប្រធានាធិបតីស្ដីទី គឺនាយករដ្ឋមន្ត្រី លោក Han Duck-soo ជាមុនសិន៕

អត្ថបទដែលជាប់ទាក់ទង