ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌច្បារអំពៅចាត់តំណាងនាំយកអំណោយសង្គ្រោះបឋមជាគ្រឿងឧបភភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ផ្តល់ជូនគ្រួសាររងគ្រោះភ្លាម

16

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ មានករណីអគ្គិភ័យមួយករណីបានកើតឡើង បណ្តាលអោយឆាបឆេះលំនៅដ្ឋានប្រជាពលរដ្ឋ អស់ចំនួន ៣ខ្នង ស្ថិតនៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
បន្ទាប់ពីបានដឹកនាំអន្តរាគមន៍ពន្លត់អគ្គីភ័យរួចមក លោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ បានចាត់អោយអនុសាខាកាកបាទក្រហមខណ្ឌ នាំយកអំណោយសង្គ្រោះបឋម រួមមាន ៖ គ្រឿងឧបភភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ផ្តល់ជូនភ្លាមៗផងដែរ ។
ក្នុងឱកាសនោះលោក ញ្ញាណ ចាន់សោភា អភិបាលរងខណ្ឌតំណាងលោកអភិបាលខណ្ឌ ច្បារអំពៅបានចូលរួមសម្តែងនូវការសោកស្តាយជាមួយប្រជាពរដ្ឋ ដែលរងគ្រោះដោយសារអគ្គីភ័យ និងបាននាំយកការផ្តាំសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកាកបាទក្រហមរាជធានី ដែលតែងតែជួយឈឺឆ្អាល និងជួយសំរាលទុក្ខលំបាកប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះថ្នាក់ផ្សេងៗ លោកបានបញ្ជាក់ជូនប្រជាពលរដ្ឋ អំពីការខិតខំជួយសង្គ្រោះរបស់កម្លាំងអាជ្ញាធរមូលដ្ឋាន នៅពេលដែលមានអគ្គីភ័យកេីតឡេីងភ្លាមៗផងដែរ ។
លោក ញ្ញាណ ចាន់សោភា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបេីមានការខ្វះខាតស្បៀងត្រូវទាក់ទងមកតាមប្រធានភូមិ រឺចៅសង្កាត់ ដេីម្បីបានជួយសង្គ្រោះបន្ថែមទៀត។ លោកក៏បានណែនាំអោយលោកចៅសង្កាត់ ប៉ុស្តិ៍ ជួយសំរួលរាល់ឯកសារពាក់ពន្ធ័ ដូចជាសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ ឬក៏ឯកសារផ្សេងៗទៀត ដើម្បីអោយប្រជាពលរដ្ឋ មានឱកាស ដើម្បីស្វែងរកការងារធ្វើ ក៏ដូចទុកសំរាប់កំណត់ប្រើប្រាស់អ្វីផ្សេងៗទៀត ជាពិសេសប្រើប្រាស់ក្នុងការទៅបោះឆ្នោតខាងមុខនេះ ។ ក្នុងឱកាសនោះដែរ លោកអភិបាលរងបានអំពាវនាវអោយប្រជាពលរដ្ឋត្រូវប្រុងប្រយត្ន័ខ្ពស់ និងពិនិត្យមើលនៅឧបករណ៍ភ្លើងដែរ ងាយឆាបឆេះ និងត្រូវបិតបារ៉ែតភ្លើង ការពារកុំអោយមានអគ្គីភ័យឆាបឆេះ វាអាចបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងខាតបង់ពេលវេលា ដូចពាក្យស្លោកមួយឃ្លាថា «ស៊ូលិចទូកកណ្តាលទន្លេ កុំអោយភ្លើងឆេះផ្ទះ» ។
គួរបញ្ជាក់ថា៖នៅម៉ោង១៤:៣០នាទីរសៀល ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ៣ខ្នងនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅនៃរាជធានីភ្នំពេញ។
គ្រោះថ្នាក់អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីខូចខាតផ្ទះឈើលើថ្មក្រោមចំនួន ០១ខ្នង រួមមានសៀវភៅស្នាក់,​ អត្តសញ្ញាណប័ណ្ណ​,​ សំបុត្រកំណើត,​ សម្លៀកបំពាក់បោកអ៊ុត​ ចំំនួន ៥០កំផ្លេ ហើយបណ្តាលឲ្យឆេះរោលដល់ជញ្ជាំងផ្ទះអ្នកក្បែរខាងចំនួន​ ០២ខ្នង។
នៅវេលាម៉ោង១៥:៣០នាទីរសៀល ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើរនឹង ០៨ម៉ែត្រគូប,រថយន្តជំនួយរួមមាន:រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន ០២គ្រឿង ប្រើប្រាស់ទឹកចំនួន ០២ឡាន ស្មើនឹង​១២ម៉ែត្រគូប ។រថយន្តអគ្គិភ័យ​ក្រុមហ៊ុនស្រាបៀកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់អស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប ។រថយន្តអគ្គិភ័យសាលាខណ្ឌច្បារអំពៅចំនួន ០១គ្រឿង ប្រើប្រាស់អស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប៕

អត្ថបទដែលជាប់ទាក់ទង