សម្តេចធិបតី៖អំពាវឱ្យប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនបន្តគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងសកម្មភាពបោសសំអាតមីន ជាពិសេសក្នុងគោលដៅឆ្ពោះទៅរក «កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០៣០»
ភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវ រ ធិប តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយតំណាងបណ្តាប្រទេស អង្គការដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននានា ដែលបានគាំទ្រដល់សកម្មភាពបោសសំអាតមីននៅកម្ពុជា។
ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព ទីស្តីការបំពេញការងាររបស់សម្តេច នាយករដ្ឋមន្ត្រី។
លើបណ្តាញសង្គមរបស់សម្តេចនាយករដ្ឋមន្ត្រី បានគូសរំលេចថា សង្គ្រាម ប្រមាណ ៣ទសវត្សរ៍ បានបន្សល់គ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ ផ្ទុះរាប់ លាន គ្រាប់រាយប៉ាយនៅពាសពេញប្រទេស បន្តឆក់យកជីវិតមនុស្ស រាប់ សិប ម៉ឺននាក់ និងក្លាយជាឧសគ្គរារាំងដល់ការអភិវឌ្ឍន៍ សង្គម-សេដ្ឋ កិច្ចកម្ពុជា ។ រាជរដ្ឋាភិបាលគ្រប់អាណត្តិបានដាក់គោលដៅជាមួយការប្តេជ្ញាចិត្តខ្ពស់ប្រមូលគ្រប់ធនធាន ដើម្បីបញ្ចប់បញ្ហាគ្រាប់មីន ប្រែក្លាយផ្ទៃដីមានមីនទៅជាដី មាន សុវត្ថិភាព សម្រាប់ការរស់នៅ និងបង្កបង្កើនផល។
សម្តេចនាយករដ្ឋមន្ត្រី បានគូសរំលេចទៀតថា សកម្មភាពមីននៅកម្ពុជា ត្រូវ បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីសហគមន៍ជាតិ និងអន្តរជាតិ និង ប្រទេស ជុំវិញពិភពលោក ដោយសកម្មភាពមីននៅកម្ពុជា បានជួយសង្គ្រោះ ដល់ ជីវិតមនុស្ស និងបានប្រែក្លាយដីមានមីន ទៅជាដីសម្រាប់អភិវឌ្ឍន៍ ដែល ចូលរួមយ៉ាងសំខាន់ ដល់ការលើកកម្ពស់ជីវភាព ប្រជាជន និងកាត់ បន្ថយ ភាពក្រីក្រនៅកម្ពុជា។ សមិទ្ធផលដ៏ធំធេងនេះ ក៏មានការចូលរួមយ៉ាង សំខាន់ ពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបាន គាំទ្រ ជាថវិកា សម្ភារ និងជំនាញ ដើម្បីគាំទ្រ និង សម្រាលបន្ទុក របស់រាជ រដ្ឋា ភិបាល ក្នុងសកម្មភាពមីន ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចមហាបវរធិបតី បាន អំពាវឱ្យបន្តគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការងារ សកម្មភាពមីន ជាពិសេសក្នុងគោលដៅឆ្ពោះទៅរក «កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០៣០»៕