វិស័យអាទិភាពចំនួន៣ ដែលរាជរដ្ឋាភិបាល កំណត់ យក អនុវត្តន៍ក្នុងកម្មវិធីពិសេសជំរុញការវិនិយោគខេត្ត៤ នៅភូមិភាគឦសាន
ភ្នំពេញ៖រាជរដ្ឋាភិបាលបានកំណត់យក វិស័យ អាទិភាព ចំនួន៣ ក្នុងការជំរុញលើការវិ និយោគបន្ថែម។ វិស័យអាទិភាពចំនួន៣នោះរួមមាន វិស័យកសិកម្មកសិ-ឧស្សាហកម្ម និងទេសចរណ៍។
យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់ឲ្យអនុវត្តន៍ កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តទាំង៤ នៅភូមិភាគឦសាន នៃប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៨។
យោងតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាលបានឲ្យដឹងថា កម្មវិធីពិសេសជំរុញ ការវិនិយោគក្នុងខេត្តទាំង៤នៅភូមិភាគឦសាន នៃប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៨ គឺជាលទ្ធផលនៃការសិក្សាដែលមានការចូលរួមធាតុចូល និងការពិគ្រោះយោបគ្រប់ជ្រុងជ្រោយ ពីសំណាក់ភាគីពាក់ព័ន្ធជាច្រើន ទាំងក្នុងកម្រិតជាតិ និងថ្នាក់ក្រោមជាតិនៃវិស័យសាធារណៈ, ព្រមទាំងភាគីជាច្រើននៃវិស័យឯកជន ក៏ដូចជាប្រជាសហគមន៍។
ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចថា «កម្មវិធីពិសេសនេះ គឺជាឯកសារដ៏មានសារៈសំខាន់ នៅក្នុងការចង្អុលបង្ហាញវិស័យអាទិភាពចំនួន៣រួមមាន៖ គឺកសិកម្ម កសិ–ឧស្សាហកម្ម និងទេសចរណ៍ ដែលស្របតាមទាយជ្ជទាន (ធនធាន) ដែលមានស្រាប់ របស់ខេត្តទាំងបួន ដែលគួរជំរុញការវិនិយោគបន្ថែម ដោយមានការគាំទ្រយ៉ាង ទូលំទូលាយពីរាជរដ្ឋាភិបាល។ កម្មវិធីពិសេសនេះបានគូសបញ្ជាក់យ៉ាងច្បាស់ នូវការលើកទឹកចិត្តដ៏ច្រើនដែលរាជរដ្ឋាភិបាល អាចផ្តល់ជូនវិស័យឯកជន ហើយក៏មានការគិតគូរពីការផ្តល់ហិរញ្ញប្បទាន ដែលមានអត្រាការប្រាក់សមរម្យ, ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធីនិងការគាំទ្រសកម្មភាពវិនិយោគឯកជនផងដែរ»។
ខេត្តទាំងបួននៅភូមិភាគឦសាន ក្នុងប្រទេសកម្ពុជារួមមាន ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ជាខេត្តមានសក្តានុពល ក្នុងន័យថា ខេត្តទាំងនេះមានកត្តាទាយជ្ជទាន (Factor Endowment) ដែលធ្វើឱ្យមានភាពអំណោយផល ដល់វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍។
ដំណាំកសិកម្ម និងកសិ-ឧស្សាហកម្ម យុទ្ធសាស្ត្រក្នុងខេត្តទាំងបួនមានដូចជា កៅស៊ូ ស្វាយចន្ទី ដំឡូងមី ម្រេច ស្វាយ និងចេកអំបូងលឿងជាដើម ដែលសុទ្ធសឹងជាផលិតផលកសិផល មានសក្តានុពលទាំងទីផ្សារនាំចេញ និងទីផ្សារក្នុងស្រុក។ ជាមួយគ្នានេះភាពអំណោយផល នៃសម្បត្តិវប្បធម៌ធម្មជាតិ ដូចជា អាកាសធាតុ ខ្យល់បរិសុទ្ធ ធនធានធម្មជាតិដ៏សម្បូរបែប, ព្រៃឈើ និងដែនជម្រកសត្វព្រៃ ជាដើម។
កត្តាទាំងនេះហើយបានធ្វើឱ្យខេត្តទាំងបួន ក្លាយជាតំបន់ដែលមានសក្ដានុពលទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍ផងដែរ។ ទោះជាយ៉ាងនេះ, ខេត្តទាំងនេះក៏នៅតែមានបញ្ហាប្រឈម ជារចនាសម្ព័ន្ធមួយចំនួន ដែលតម្រូវរាជរដ្ឋាភិបាលបន្តគិតគូរ និងដោះស្រាយ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត ដោយផ្អែកលើកត្តាទាយជ្ជទាន៕