ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គស្នងការនគរបាលជាតិណែនាំដល់មន្រ្តីនគរបាលចរាចរណ៍រាជធានីភ្នំពេញបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ជាពិសេសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខ

45

ភ្នំពេញ៖ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានណែនាំបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងមន្រ្តីជាប់កិច្ចសន្យាសរុប៦៥១នាក់ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៥នាព្រឹកថ្ងៃ០៩ ខែមេសា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ពិធីសំណេះសំណាលមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គស្នងការរង ប្រធានសេនាធិការ ប្រធាននាយកដ្ឋាន លោកស្នងការតាមបណ្តាខេត្តបានចូលរួមផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជូន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានអញ្ជើញមានមតិស្វាគមន៍ ចំពោះប្រធានគណៈអធិបតីនិងរាយការណ៍អំពីសភាពការណ៍សណ្តាប់ធ្នាប់ចរាចរណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលអត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ។

ក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានមានប្រសាសន៍ពាំនាំនូវបណ្តាំសាកសួរសុខ ពីសំណាក់ប្រមុខដឹកនាំរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃចំពោះបងប្អូនមន្រ្តីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យាដែលថ្នាក់ដឹកនាំតែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនមន្រ្តីនគរបាលចរាចរណ៍ដែលបានលះបង់សព្វបែបយ៉ាងចំពោះការបំពេញភារកិច្ចលើកិច្ចការងារថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពជាពិសេសលើការងារដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ប្រចាំថ្ងៃសម្រួលឲ្យបងប្អូនប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំមន្រ្តីនគរបាលចរាចរណ៍បន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ជាពិសេសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខ ជាពេលវេលាដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរចាកចេញទៅស្រុកកំណើត ដែលអាចប្រឈមការកកស្ទះ។ក៏បានណែនាំឲ្យពង្រឹងលើការងារចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ ជាពិសេសគោរពសីលធម៌ និងវិន័យនគរបាលជាតិឲ្យបានខ្ជាប់ខ្ជួន។ តមក ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានឧបត្ថម្ភថវិកាជូនមន្រ្តីនគរបាលចរាចរណ៍និងមន្រ្តីជាប់កិច្ចសន្យាចំនួន៦៥១នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង