ឯកឧត្តម ឃួង ស្រេង៖ការរៀបចំរថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីពីឆ្នាំ២០១៨ដល់២០២៤រាជរដ្ឋាភិបាលបានសន្សំសំចៃថវិកាជូនប្រជាពលរដ្ឋបានជាង៧លានដុល្លារ
ភ្នំពេញ៖ការរៀបចំរថយន្តក្រុងជាច្រើនរយគ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គិតពីឆ្នាំ២០១៨រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានសន្សំសំចៃថវិកាជូនប្រជាពលរដ្ឋបានប្រមាណជាង៧លានដុល្លារសហរដ្ឋអាមេរិក។
នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈឯកឧត្តមនិងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤នាព្រឹកថ្ងៃទី១០ មេសាឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា៖ អនុវត្តទៅតាមការចង្អុលបង្ហាញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតៈនាយករដ្ឋមន្ត្រីនិងបន្តមកសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងជាមួយប្រជាពលរដ្ឋ ដោយបានរៀបចំរថយន្តក្រុងជាច្រើនរយគ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយអត់គិតថ្លៃ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ នៅឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញបានប្រើប្រាស់រថយន្តក្រុងសម្រាប់ដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីចំនួន៥៩៧គ្រឿង ក្នុងចំនួននេះបើមានការខ្វះខាត រដ្ឋបាលរាជធានីភ្នំពេញនិងបំពេញបន្ថែមទៀត ដើម្បីបំពេញទៅតាមតម្រូវការប្រជាពលរដ្ឋ ក្នុងកាត់បន្ថយការចំណាយរបស់ពួកគាត់។ការងារនេះ មិនត្រឹមតែសន្សំសំចៃថវិកាជូនប្រជាពលរដ្ឋទេ យើងអាចកាត់បន្ថយបាននូវការឡើងថ្លៃរបស់រថយន្តដឹកអ្នកដំណើរឯកជនផងដែរ។
ឯកឧត្ដមអភិបាលបន្តថា៖បន្ថែមពីលើការងារនេះ រដ្ឋបាលរាជធានីភ្នំពេញនូវបានយកចិត្តទុកដាក់ទៅលើសុខមាលភាពប្រជាពលរដ្ឋផងដែរ ដោយឆ្នាំនេះ ជំងឺគ្រុនឈាមបានធ្លាក់ចុះ បើទោះបីមូសបានកើនឡើងច្រើនដូចអង្កាមយ៉ាងណាក្តី។ការធ្លាក់ចុះជំងឺគ្រុមឈាមនេះដោយយើងបានបាញ់ថ្នាំសម្លាប់មូសជាប់ជាប្រចាំនៅតាមមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ រហូតបានទទួលជោគជ័យនិងទទួលបាននូវការគាំទ្រយ៉ាងពេញដំណឹងពីសំណាក់ប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញក៏បានថ្លែងនូវការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញនិងកងកម្លាំងទាំងអស់ដែលបានរក្សា សន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ ដែលបានធ្វើឲ្យបទល្មើសនានា ថយចុះ។ ប្រជាពលរដ្ឋមានការ សាទរយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើការរៀបចំរថយន្តដឹកជញ្ជូនវិជ្ជាពលរដ្ឋទៅស្រុកកំណើតដោយមិនគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ប្រជាពលរដ្ឋអបអរសាទរចំពោះការរៀបចំសង្ក្រាន្តវត្តភ្នំនាឱកាសបុណ្យចូលឆ្នាំថ្មី២០២៥នេះ។ប្រជាពលរដ្ឋ ក៏បានអបអរសាទរនៃការដាក់ឲ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោផងដែរ៕