ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដល់សាធារណរដ្ឋកូរ៉េ ដោយសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF)

55

ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដល់សាធារណរដ្ឋកូរ៉េប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។

នៅអាកាសយានដ្ឋានអន្តរជាតិ អ៊ីឈុន នាទីក្រុងសេអ៊ូល គណៈប្រតិភូបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នរៀបចំកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងមានវត្តមានលោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការីជាច្រើនរូបទៀត។

សូមជម្រាបថា នៅពេលអញ្ជើញដល់សាធារណរដ្ឋកូរ៉េភ្លាម សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ ហានយ៉ាង សាយប៊ឺ (Hanyang Cyber University) ដែលជាសាកលវិទ្យាល័យល្បីមួយ នៅទីក្រុងសេអ៊ូល។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះអនុស្សារណៈនៃការយយោគយល់គ្នា រវាងសាកលវិទ្យាល័យហានយ៉ាង Hanyang និងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា នៅក្នុងការគំាទ្រដល់ការអភិវឌ្ឍសមត្ថភាព និងបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា ព័ត៌មានវិទ្យា ដល់សមាជិក សមាជិការដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលនឹងចុះហត្ថលេខាដោយ លោកបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភានិងថ្នាក់ដឹកនាំសកលវិទ្យាល័យ Hanyang៕

អត្ថបទដែលជាប់ទាក់ទង