រដ្ឋបាលខណ្ឌប្ញស្សីកែវ បានរៀបចំពិធីសូត្រមន្តចម្រើន ព្រះបរិត្ត ដើម្បីប្រសិទ្ធពរជ័យ សិរីមង្គល ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងទទួលទេវតាឆ្នាំថ្មី ក្រុមប្រឹក្សាខណ្ឌ អភិបាលខណ្ឌប្ញស្សីកែវ គណៈអភិបាលខណ្ឌ មន្ដ្រីរាជការទាំងអស់នៃ រដ្ឋបាលខណ្ឌឫស្សីកែវ បាននិមន្តព្រះសង្ឃ សូត្រមន្តប្រោះព្រហ្មលើក រាសី សុំសេចក្តីសុខ ចំរុងចំរើន ពីទេវត្តាឆ្នាំថ្មី និងសូមអោយតាមជួយបីបាច់ថែរក្សា បណ្តេញឧបទ្រពចង្រៃ ទាំងឡាយទាំងពួង សូមអោយគ្រប់សកម្មភាពការងារ និងរបររកទទួលទានទាំងឡាយ បានទទួលជោគជ័យ ព្រមទាំងមានសុភមង្គលគ្រប់ៗក្រុមគ្រួសារ។
លោកជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវបានសម្ដែងមោទកភាព ដែលបានរៀបចំពិធីដ៏មានអត្ថន័យ ហើយនេះ ជារៀងរាល់ឆ្នាំ ហើយវាជាគុណតម្លៃ ដែលតែងតែបានយកចិត្តទុកដាក់ប្រតិបត្តិជានិច្ច ក្នុងនាមជាកូនខ្មែរ និងពុទ្ធសាសនិកជនជាតិខ្មែរ ដែលធ្លាប់មានវប្បធម៌ អរិយធម៌ដ៏រុងរឿង និងល្បីល្បាញ ព្រោះជនជាតិខ្មែរ មានប្រវត្តិធ្វើពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ តាំងពីបុរាណកាលរហូតមក។
លោកអភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងខណ្ឌឫស្សីកែវ ទាំងអស់ នៅក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ ចៀសវាងការលេងប៉ាតម្សៅ ជះទឹកដាក់គ្នា ព្រោះនេះមិនមែនជាប្រពៃណីខ្មែរទេ និងត្រូវមានការប្រុងប្រយ័ត្ន នូវរាល់ភ្លើងធូបទៀន ដែលអាចបង្ករជាគ្រោះអគ្គិភ័យ ជាយថាហេតុ និងសូមអោយបងប្អូនទាំងអស់ធ្វើដំណើរកម្សាន្ត និងទៅលេងស្រុកកំណើត ចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា៕