នាយកសាលារៀនវិទ្យាល័យមួយអំពាវនាវឲ្យអាណាព្យាបាលសិស្សឧបត្ថម្ភថវិកាដោយស្ម័គ្រចិត្តជួយសាលា តែកំណត់ថា «៣០ដុល្លារ»
ភ្នំពេញ៖ លោក ចៅ វីរយុទ្ធ នាយកសាលាវិទ្យាល័យឫស្សីកែវ ឋិតក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដែលមានលោក ហែម ស៊ីណារ៉េត ជាប្រធាន បានចេញលិខិតអំពាវនាវមួយដល់អាណាព្យាបាលរបស់សិស្សានុសិស្សដែលបានសិក្សានៅវិទ្យាល័យឫស្សីកែវឲ្យជួយឧបត្ថម្ភដល់សាលារៀនជាថវិកាដោយស្ម័គ្រចិត្តដោយអះអាងថា យកថវិកាទាំងនោះទៅប្រើប្រាស់ក្នុងការពង្រឹងគុណភាពសិក្សារបស់សិស្សានុសិស្ស ដូចជាការងាររដ្ឋបាលប្រឡង ការធ្វើតេស្តប្រចាំខែ និងប្រឡងឆមាស លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ ជាដើម ។
ប៉ុន្តែ ប្រការគួឲ្យចាប់អារម្មណ៍នោះ គឺនៅត្រង់ថា លិខិតអំពាវនាវរបស់លោកនាយកសាលាវិទ្យាល័យឫស្សីកែវឲ្យអាណាព្យាបាលរបស់សិស្សានុសិស្សដែលបានសិក្សានៅវិទ្យាល័យឫស្សីកែវឧបត្ថម្ភជាថវិកា «ដោយស្ម័គ្រចិត្ត» បែរជាកំណត់ថា «ថវិកាចំនួន៣០ដុល្លារក្នុង១ឆ្នាំ» ទៅវិញ (Sic!) ។
សូមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ មេត្តាពិចារណាទៅលើលិខិតអំពាវនាវរបស់លោក ចៅ វីរយុទ្ធ នាយកសាលាវិទ្យាល័យឫស្សីកែវនោះផង ៕
ដោយ៖ សំរិត