ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការងារ កំពុងជំរុញបច្ចេកវិទ្យាឌីជីថល ទៅក្នុងវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

137


ភ្នំពេញ៖ ភាពរីកចម្រើនលើផ្នែកបច្ចេកវិទ្យាឌីជីថល បានជំរុញឱ្យពិភពលោកពើបប្រទះនឹងបដិវត្តឧស្សាហកម្មទី៤ ហើយដោយមើលឃើញនូវកាលានុវត្តភាពនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមការងារពិសេសមួយ “ក្រុមការងារបច្ចេកទេសចម្រុះ សម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TWG-TVET)” ចំណុះក្រោមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរួមគ្នាជំរុញបច្ចេកវិទ្យាឌីជីថលទៅក្នុងវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។

នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមការងារបច្ចេកទេសចម្រុះ សម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TWG-TVET) បានរៀបចំកិច្ចប្រជុំមួយនៅទីស្ដីការក្រសួងការងារ ដែលដឹកនាំដោយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងជាប្រធានក្រុមការងារបច្ចេកទេសចម្រុះ សម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីកំណត់នូវយុទ្ធសាស្ត្រជាអាទិភាព និងសកម្មភាពរបស់ក្រុមការងារបច្ចេកទេសចម្រុះ សម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅក្នុងឆ្នាំ២០១៩-២០២០ និងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជនក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

គួរជម្រាបថា ក្រុមការងារបច្ចេកទេសចម្រុះនេះ មានភារកិច្ច៖
១៖ ផ្តល់យោបល់លើផែនការយុទ្ធសាស្រ្ត និងការងារបច្ចេកទេសដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈកម្មាធិការជាតិបណ្តុះបណ្តាល
២៖ សម្របសម្រួល និងចែករំលែកពីបទពិសោធន៍ ព័ត៌មាន គម្រោង និងកម្មវិធីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
៣៖ រៀបចំកម្មវិធីការងារប្រចាំឆ្នាំរបស់ក្រុមការងារបច្ចេកទេសចម្រុះ សម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមមាន៖ របាយការណ៍វឌ្ឍនភាពលើគោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លិខិតបទដ្ឋានគតិយុត្ត ផែនការថវិការបស់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងត្រួតពិនិត្យជាប្រចាំឆ្នាំនូវកម្មវិធីការងារលើក្រុមការងារបច្ចេកទេសចម្រុះ។

លោក រដ្ឋមន្ត្រី បានស្នើឱ្យមានការរៀបចំផែនការសកម្មភាពសម្រាប់រយៈពេលវែង ៥ឆ្នាំ (២០១៩-២០២៣) ដោយផ្អែកតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ពិសេសត្រង់ចតុកោណទី១ មុំទី២ ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស។

លោក រដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងបន្តថា ដើម្បីត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តឧស្សាហកម្មទី៤ ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍជំនាញ និងការអប់រំ ការបណ្តុះបណ្តាល ដោយបញ្ចូលការប្រើប្រាស់ និងការយល់ដឹងពីបច្ចេកវិទ្យាឌីជីថលទៅក្នុងកម្មវិធីសិក្សា ស្របតាមតម្រូវការទីផ្សារការងារ រួមទាំងបង្កើតយន្តការភាពជាដៃគូរវាងធុរកិច្ច និងគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើតកម្មវិធីអភិវឌ្ឍ និងបណ្តុះបណ្តាលជំនាញឌីជីថលថ្មីៗ (មានចែងក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤)។

រាជរដ្ឋាភិបាលនីតិកាលទី៥ ក៏ដូចជានីតិកាលទី៦ នៃរដ្ឋសភានេះ គឺផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍមនុស្សជាអាទិភាពទី១ សំដៅលើការអភិវឌ្ឍធនធានមនុស្ស ដែលមានកំណត់យ៉ាងច្បាស់ក្នុងចតុកោណទី១។ ដើម្បីសម្រេចបាននូវការអភិវឌ្ឍធនធានមនុស្ស ពិសេសលើការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល គឺទាមទារជាចាំបាច់នូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូ រដ្ឋ ឯកជន ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍន៍៕

អត្ថបទដែលជាប់ទាក់ទង